កិច្ចប្រជុំផ្សព្វផ្សាយស្តីពីរបៀបចុះកំណត់ត្រាទិន្នន័យបទល្មើសព្រហ្មទណ្ឌ (E-crime 2020) គ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាថ្មីជូនដល់មន្រ្តីនគរបាលជាតិ ដើម្បីជំនួយលើការងារ បង្ការទប់ ស្កាត់បង្រ្កាបបទល្មើសព្រហ្មទណ្ឌ
មន្រ្តីនគរបាលមកពីតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានទទួលនូវការផ្សព្វផ្សាយ និងបំប៉នបន្ថែមពង្រឹងសមត្ថភាពលើការងារស្តីពីការ ចុះកំណត់ត្រាទិន្នន័យបទល្មើសព្រហ្មទណ្ឌ(E-crime2020) គ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យាថ្មី ក្នុងការបញ្ចូលទិន្នន័យបទល្មើសព្រហ្មទណ្ឌឱ្យបានត្រឹមត្រូវ និងឯកភាពគ្នាងាយស្រួលក្នុង ការជំនួយអនុវត្តវិធានការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រហ្មទណ្ឌឱ្យមានប្រសិទ្ធភាពខ្ពស់ និងការចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឱ្យបានកាន់តែប្រសើរឡើង។ ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមាន លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរង ទទួលផែនការងារសេនាធិការ និងលោកវរសេនីយ៍ឯក ផុន សាលីម នាយការិយាល័យសរុបផែនការ នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ។
របាយការណ៍បង្ហាញឱ្យដឹងថា រាជធានីភ្នំពេញ រយៈពេល០៩ខែដើមឆ្នាំ២០២០ បទល្មើសព្រហ្មទណ្ឌកើត ឡើង៥០១លើក បើប្រៀបអំឡុងពេលដូចគ្នាឆ្នាំ២០១៩ កើតឡើង៦២៦លើក បទល្មើសព្រហ្មទណ្ឌថយចុះ ១២៥លើក ហើយកិច្ចការងារប្រតិបត្តិការជាលទ្ធផលបង្រ្កាបសម្រេចបាន៤៤៣ករណី ឃាត់ខ្លួនជនសង្ស័យ ៦៨៧នាក់ ស្មើជាង៨៨ភាគរយ។
លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម បញ្ជាក់ពីគោលបំណងគឺដើម្បីពង្រឹងសមត្ថភាព និងការ ផ្លាស់ប្តូររបៀបរបបការងារថ្មី តាមរយៈការគ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យាថ្មី ក្នុងការជំនួយ ដល់កិច្ចការងារប្រតិបត្តិការបទល្មើសព្រហ្មទណ្ឌឱ្យកាន់តែមានប្រសិទ្ធភាព។ ជាពិសេសមានសារៈសំខាន់សម្រាប់ជាមូលដ្ឋានក្នុងការយកមកពិនិត្យវាយតម្លៃអំពីការគ្រប់គ្រងបាននូវមុខសញ្ញាជនសង្ស័យ និងស្ថានភាពនៃបទល្មើសព្រហ្មទណ្ឌក្នុងការជំនួយ កិច្ចការងារស្រាវជ្រាវស៊ើបអង្កេតឈាន ទៅដល់បង្រ្កាបជនសង្ស័យដែលបានធ្វើសកម្មភាពប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា នេះជាលើកទី២ហើយដែលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រជុំផ្សព្វផ្សាយ ស្តីពីការចុះកំណត់ត្រាបទល្មើសព្រហ្មទណ្ឌ(e crime2020)តាមប្រព័ន្ធបច្ចេកវិទ្យាថ្មី ជូនមន្រ្តីនគរបាលដែល មានទួនាទីអនុវត្តកិច្ចការងារប្រតិបត្តិការ បង្ការទប់ស្កាត់បង្រ្កាបបទល្មើសព្រហ្មទណ្ឌ និងតួនាទីនៃ ការគ្រប់គ្រងចុះកំណត់ត្រាទិន្នន័យបទល្មើសព្រហ្មទណ្ឌ៕ វិច្ឆការ