ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញចែកស្រូវពូជដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង ១២៣២ គ្រួសារក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ឯកឧត្តមជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបសំណេះសំណាលនិងនាំយកស្រូវពូជប្រភេទOM ៥១-៥៤ ចំនួន ៧០  តោនដែលជាអំណោយរបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនទៅចែកជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងចំនួន 1232គ្រួសារ មកពីឃុំចំនួន 9 នៃស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាបានលើកឡើងថា អំណោយជាស្រូវពូជប្រភេទ OM ៥១-៥៤ ចំនួន ៧០  តោនដែលបានផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង នៅស្រុកក្រូចឆ្មារនៅពេលនេះគឺជាទឹកចិត្តដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន  ដែលជានិច្ចកាលសម្ដេចទាំងទ្វេរ រួមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់គិតគូរ ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង ពិសេសប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ស្ត្រីមេម៉ាយ ជនពិការ ចាស់ជរា និងប្រជាពលរដ្ឋដែលទីទាល់ក្រីក្រជួបការលំបាកដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬ ពណ៌សម្បុរអ្វីឡើយ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានស្នើដល់ប្រជាពលរដ្ឋក្នុងស្រុកក្រូចឆ្មារទាំងអស់ ក្រោយពេលទទួលបានស្រូវពូជនេះហើយ ត្រូវរក្សាទុកសម្រាប់បង្កបង្កើនផល និងលើកទឹកចិត្តឱ្យមានការដាំដំណាំរួមផ្សំផ្សេងទៀត ក្រោយពេលទឹកស្រកទៅវិញ ដោយកុំទុកដីឱ្យនៅទំនេរចោល ដើម្បីបង្កើនជីវភាពក្នុងគ្រួសារអោយប្រសើរឡើង។

 បន្ទាប់មកឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាសុផារ៉ា រួមនឹងក្រុមការងារក៏បានបន្តដំណើរទៅសួរសុខទុក្ខប្រជាពលរដ្ឋដែលពុលអាហារនិងកំពុងសម្រាកព្យាបាលនៅមណ្ឌលប្រតិបត្តិស្រុកក្រូចឆ្មារដោយក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានផ្ដល់ថវិកាជាអំណោយរបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតជូនដល់គ្រូពេទ្យនៅមណ្ឌលប្រតិបត្តិស្រុកក្រូចឆ្មារនេះចំនួន 36 នាក់ក្នុងម្នាក់ៗដប់ម៉ឺនរៀល អ្នកជំងឺដែលពុលអាហារចំនួន ៤៦ នាក់ក្នុងម្នាក់ៗ ៥ ម៉ឺនរៀល អ្នកជំងឺធម្មតាដែលកំពុងសម្រាកព្យាបាលនៅក្នុងមណ្ឌលនេះចំនួន៣០ នាក់ក្នុងម្នាក់ៗប្រាំម៉ឺនរៀលនិងអ្នកកំដរអ្នកជំងឺក្នុងម្នាក់ៗ ២ ម៉ឺនរៀល ព្រមទាំងបានបន្តទៅពិនិត្យមើលមន្ទីរពេទ្យដែលកំពុងសាងសង់ ជាអំណោយរបស់សម្តេចតេជោហ៊ុនសែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនដល់ប្រជាពលរដ្ឋក្នុងស្រុកក្រូចឆ្មារនេះ និងបានឧបត្ថម្ភថវិកាដល់កម្មករនៅការដ្ឋានចំនួន ១៣ នាក់ក្នុងម្នាក់ៗ ៥ ម៉ឺនរៀលផងដែរ។

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner