ក្រសួងសេដ្ឋកិច្ចរៀបចំកិច្ចអន្តរក្រសួង ដើម្បីវាយតម្លៃផលប៉ះពាល់ និងពិភាក្សាអំពីការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្រ្ត ដែលរងខូចខាតដោយសារជំនន់ទឹក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំអន្តរក្រសួង ដើម្បីវាយតម្លៃលើផលប៉ះពាល់ និងពិភាក្សាលើគោលការណ៍ និងនីតិវិធីសម្រាប់អនុវត្តន៍គម្រោងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្រ្ត ដែលរងខូចខាតដោយសារជំនន់ទឹកភ្លៀងឆ្នាំ២០២០។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តមតំណាងក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ។

ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ វង្សី វិស្សុត មានប្រសាសន៍ថា ដោយផ្អែកលើស្ថានភាពនៃការរងខូចខាតដោយទឹកជំនន់ទឹកភ្លៀងឆ្នាំ២០២០ រាជរដ្ឋាភិបាលបានផ្តល់នូវអាទិភាពខ្ពស់បំផុតលើ៖

(ទី១).ការជួយសង្គ្រោះបន្ទាន់ដល់ប្រជាជនដែលទទួលរងផលប៉ះពាល់ពីគ្រោះពីទឹកជំនន់ (ទី២).ការជួសជុលឡើងវិញជាបន្ទាន់នូវហេដ្ឋារចនាសម្ព័ន្ធដែលរងការខូតខាតខ្លាំង ដើម្បីធ្វើប្រក្រតីកម្មនូវជីវភាពរស់នៅរបស់ប្រជាជនមិនឱ្យមានការប៉ះពាល់ និង (ទី៣).ការរៀបចំគម្រោងស្តារឡើងវិញលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់, ប្រព័ន្ធធារាសាស្រ្ត និងប្រព័ន្ធស្រោចស្រព ដោយគិតគូរការបញ្ចូលជាបណ្តើរៗនូវសមាសភាពការប្រែប្រួលអាកាសធាតុ (Climate Change) ឬទស្សនាទានហេដ្ឋារចនាសម្ព័ន្ធបៃតង (Green Infrastructure) ដែលបានអនុវត្តកន្លងមកជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (Resiliency) និងបញ្ចៀសផលប៉ះពាល់ផ្សេងៗនាពេលអនាគត។

ទន្ទឹមនេះ ឯកឧត្តម វង្សី វិស្សុត ក៏បានបន្តទៀតថា រាជរដ្ឋាភិបាលបានគិតគូរ និងត្រៀមថវិកាបម្រុងជារៀងរាល់ឆ្នាំ សម្រាប់ប្រើប្រាស់ក្នុងការអន្តរាគមន៍ដោះស្រាយបញ្ហាគ្រោះមហន្តរាយ ហើយអាចប្រើប្រាស់ថវិកាពីប្រភពផ្សេងៗទៀត ដូចជា (១).ឥណទានថវិកាដែលមានស្រាប់ដែលបានបែងចែកជូនក្រសួងទាំងបីប្រចាំឆ្នាំ ដោយត្រូវតម្រង់ទិសសម្រាប់ការងារសាងសង់ និងស្តារឡើងវិញហេដ្ឋារចនាសម្ព័ន្ធដែលរងផលប៉ះពាល់ដោយទឹកជំនន់នេះ (២).គម្រោងសាច់ប្រាក់ពលកម្ម (Cash for Work) ដែលនឹងអាចជួយលើការងារស្តារឡើងវិញកម្រិតតូច ក៏ដូចជាសម្រាប់ការស្តារបឹងបួរ និងប្រឡាយ និង និង (៣).ការប្រមូលធនធានពីក្រៅប្រទេស ជាពិសេសពីដៃគូអភិវឌ្ឍន៍ ដូចជាធនាគារពិភពលោក (WB), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ជាដើម។

ដើម្បីជំរុញការអនុវត្តគម្រោងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្រ្ត ដែលរងខូចខាតដោយសារជំនន់ទឹកភ្លៀងឆ្នាំ២០២០ ឱ្យបានឆាប់ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់, ឯកឧត្តម វង្សី វិស្សុត បានស្នើ ដាក់ ចេញ នូវ ក្រប ខ័ណ្ឌរួមសម្រាប់ការស្តារឡើងវិញនេះ ដើម្បីគោរពរាយការណ៍ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច ដោយ ផ្អែកលើគោលការណ៍ជាមូលដ្ឋានសំខាន់ៗចំនួន ០៤ គឺ៖ (១).ការធ្វើអាទិភាពភាវូបនីយកម្មគម្រោង ដោយផ្អែកលើ ភាព បន្ទាន់ នៃ គម្រោង (២).ទីតាំងភូមិសាស្រ្ត ដែល ទទួល រងផលប៉ះពាល់តាមកម្រិត ពីខ្លាំងទៅទាប (៣).ការតម្រង់ទិស និងជំរុញប្រើប្រាស់ ថវិកា ដែល មាន ស្រាប់ឱ្យអស់លទ្ធភាព និងចំអាទិភាព និង (៤).ចំពោះគម្រោង ស្តារឡើងវិញ ដែលមានទំហំថវិកាធំ នឹង ពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ស្នើសុំហិរញ្ញប្បទាន តែបើក្នុងករណីបន្ទាន់ និងចាំ បាច់ ខ្លាំង អាចពិនិត្យស្នើសុំ ប្រើ ប្រាស់ថវិកាជាតិតែម្តង។ បន្ថែមពីនេះទៅទៀត ឯកឧត្តម វង្សី វិស្សុត បាន សង្កត់ ធ្ងន់ ថា បន្ទាប់ពីទទួលការឯកភាពលើក្របខ័ណ្ឌនេះហើយ ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវវាយតម្លៃជាបន្ទាន់ ដើម្បីធ្វើអាទិភាពវូបនីយ កម្មគម្រោងផ្ទៃក្នុងក្រសួងសិន មុននឹងស្នើសុំពិនិត្យ និងសម្រេចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឯកឧត្តម វង្សី វិស្សុត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មាធិការអន្តរក្រសួងថ្ងៃនេះ ដោយផ្ទាល់ ដែលសបញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់ក្រសួងក្នុងការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ដែលរងខូចខាតដោយជំនន់ទឹកភ្លៀងឆ្នាំ២០២០ នេះ និងតំណាងជាន់ខ្ពស់របស់ក្រសួង-ស្ថាប័ន របស់រាជរដ្ឋាភិបាលដែលបានចូលរួមកិច្ចប្រជុំថ្ងៃនេះ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner