សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនជនរួមជាតិថា សម្ដេច និងភរិយា ក្រុមអង្គរក្ស អ្នកបើកបរសរុប១៨នាក់លទ្ធផលនៃការធ្វើតេស្ត បញ្ជាក់ថា អវិជ្ជមានកូវីដ-១៩ ទាំងអស់ មិនមានអ្នកណាឆ្លងជម្ងឺកូវីដ១៩នោះទេ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនជនរួមជាតិថា លទ្ធផលនៃការធ្វើតេស្តរបស់សម្ដេច និងភរិយា ក្រុម អង្គរក្ស អ្នកបើកបរសរុប១៨ នាក់ អវិជ្ជមានកូវីដ-១៩ ទាំងអស់ មិនមានអ្នកណាឆ្លងនោះទេ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារនៅលើទំព័រហ្វេសប៊ុកផ្លូវការ នៅព្រលប់ថ្ងៃទី០៤ ខែ វិច្ឆកា ឆ្នាំ២០២០ គោរពជូនបងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់! បន្ទាប់ពីទទួលបានព័ត៍មានថា រដ្ឋមន្ត្រីក្រសួងការ បរទេស និងពាណិជ្ជកម្មហុងគ្រី ដែលមកទស្សនៈកិច្ចនៅកម្ពុជា នៅថ្ងៃទី៣ វិច្ឆិកា ២០២០ មានវិជ្ជមានកូវីដ១៩ ដែល រកឃើញនៅប្រទេសថៃបន្ទាប់ពីគាត់ចាកចេញពីកម្ពុជា។ ថ្ងៃនេះ ក្រុមគ្រូពេទ្យកម្ពុជា បានប្រញាប់ប្រញាល់ប្រមូលអ្នក មានទំនាក់ទំនងទាំងអស់ ដើម្បីយកសំណាកទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ ។ ដោយឡែក នៅផ្ទះខ្ញុំ មានរូបខ្ញុំ និង ភរិយា ក្រុមអង្គរក្ស អ្នកបើកបរសរុប១៨នាក់ លទ្ធផលនៃការធ្វើតេស្តបញ្ជាក់ថា អវិជ្ជមានទាំងអស់ មិនមានអ្នកណាឆ្លង ជម្ងឺកូវីដ១៩នោះទេ ។

សម្ដេចបានបន្តថា ទោះបីខ្ញុំ មិនមានឆ្លងកូវីដ១៩ក្តី តែដើម្បីសុវត្ថិភាពទាំងអស់គ្នា គ្រូពេទ្យតម្រូវឱ្យខ្ញុំ រស់នៅ ដាច់ដោយឡែករយះពេល១៤ថ្ងៃ សូម្បីតែភរិយា កូន និងចៅ ក៏មិនអាចជួបបានដែរ។

ទួលព្រះបង្គំសូមព្រះរាជទានទោសពីអង្គព្រះមហាក្សត្រ និងហ្លួងម៉ែ ដែលទួលព្រះបង្គំ មិនអាចដង្ហែរព្រះអង្គ យាងមកពីសាធារណរដ្ឋប្រជាមានិតចិន និងដង្ហែរព្រះអង្គប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បាន។

សម្ដេចក៏សូមអភ័យទោសពីបងប្អូនជនរួមជាតិនៅខេត្តពោធិសាត់ បាត់ដំបង និងបន្ទាយមានជ័យ ដែលខ្ញុំ មិន អាចចូលរួមចែកស្រូវពូជ និងជំនួយសង្រ្គោះបាន ដែលខ្ញុំនឹងចាត់តំណាងទៅចែកជំនួស។ សូមលើកពេល ថ្ងៃបើកការ ដ្ឋានសាងសង់ផ្លូវ៣៨ខ្សែ នៅខេត្តសៀមរាប ដែលគ្រោងធ្វើនៅថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២០ ទៅពេលក្រោយវិញ។ សូមអាធ្យាស្រ័យពីសំណាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន និងដៃគូពាក់ពន្ធ័ទាំងអស់ ដែលខ្ញុំ មិនអាចចូលរួមប្រជុំ បាន ដែលខ្ញុំនឹងចាត់តំណាងចូលរួមពីថ្ងៃ១២ ដល់ថ្ងៃ១៥ វិច្ឆិកា ២០២០ខាងមុខនេះ ។

សម្ដេចតេជោ បានបន្ថែមថា ទោះត្រូវអាក់ខានចេញពីផ្ទះ ដែលជាការតម្រូវរបស់គ្រូពេទ្យក្នុងការធ្វើចត្តាឡីស័ក ១៤ថ្ងៃ តែខ្ញុំនៅតែបំពេញការងារដោយពិនិត្យ សម្រេច និងចុះហត្ថលេខាលើឯកសារនានារបស់រាជរដ្ឋាភិបាលបាន ដដែល។ សមាជិករាជរដ្ឋាភិបាល អភិបាលខេត្ត និងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ នៅតែអាចរាយការណ៏ ឬសុំ យោបល់ខ្ញុំបានដដែល។ ខ្ញុំនៅតែអាចហាត់ប្រាណ រាប់ទាំងវាយកូនគោលនៅក្នុងបរិវេណផ្ទះបានដដែល គ្រាន់តែមិន ឱ្យមនុស្សដទៃ មកជិតប៉ុណ្ណោះ ។ នេះជាវិធីដែលល្អបំផុត ដើម្បីសុវត្ថិភាព និងសុខភាពទាំងអស់គ្នា ។

ជាមួយនេះ សម្ដេចតេជោ ហ៊ុន សែន ក៏សូមអរគុណចំពោះបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដែល បារម្ភពីសុខភាពខ្ញុំ និងជូនពរដល់ខ្ញុំ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner