កូរ៉េខាងជើងសម្រេចហាមជក់បារី នៅទីសាធារណៈ តែលោកគីមចូលចិត្តជក់
សភាប្រជាជនកំពូលរបស់កូរ៉េខាងជើង កាលពីម្សិលមិញ បានណែនាំឲ្យបញ្ឈប់ការជក់បារី នៅតាមទីសាធារណៈ ដើម្បីផ្តល់ជូនពលរដ្ឋនូវបរិស្ថានរស់នៅប្រកបដោយអនាម័យ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរដ្ឋ KCNA នៅថ្ងៃទី៥ វិច្ឆិកា នេះ។
ច្បាប់ហាមឃាត់ថ្នាំជក់នេះមានគោលដៅការពារជីវិតនិងសុខភាពរបស់ពលរដ្ឋកូរ៉េខាងជើង តាមរយៈការគ្រប់គ្រងលើការលក់និងផលិតបារី។
កូរ៉េខាងជើងគឺជាប្រទេសដែលមានអត្រាជក់បារីខ្ពស់បំផុតមួយ ក្នុងនោះ បុរសជាង៤៣ភាគរយជក់បារី គិតក្នុងឆ្នាំ២០១៣ នេះបើតាមអង្គការសុខភាពពិភពលោក ហើយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនត្រូវបានគេដឹងថា ចូលចិត្តជក់បារីណាស់ តែងតែឃើញរូបភាពលោកជក់បារី ក្នុងសារព័ត៌មានរដ្ឋទៀតផង សូម្បីពេលធ្វើដំណើរតាមរថភ្លើងទៅជួបមេដឹកនាំអាមេរិក ត្រាំ ក៏លោកជក់តាមផ្លូវដែរ៕