ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានជម្រុញឲ្យជម្រើសជាតិកីឡាវាយសីយកចិត្តទុកដាក់បង្កើនការហ្វឹកហាត់ ដើម្បីពង្រឹងសមត្ថភាពឈានទៅដណ្តើមបានមេដាយ ពីឆាកអន្តរជាតិ នាឆ្នាំ២០២១
ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករ កីឡាការិនីជម្រើសជាតិឈុតធំ និងជម្រើសជាតិថ្នាល នាព្រឹកថ្ងៃ ទី៤ ខែ វិច្ឆិកា ឆ្នាំ២០២០ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីពិនិត្យមើលវឌ្ឍនៈភាពការងារគ្រាដែលប្រមូលផ្តុំឡើងវិញ បន្ទាប់ពីឈប់សំរាកការពារជំងឺកូវិដ-១៩ អស់រយៈពេលជាង៣ខែកន្លងមក។
ឯកឧត្តម លី កុសល បានលើកឡើងថា កីឡាវាយសីកម្ពុជាបច្ចុប្បន្ននេះ កំពុងតែអភិវឌ្ឍទៅមុខជាបណ្តើរៗហើយនៅក្នុងថ្នាក់តំបន់ ថ្វីត្បិតកម្រិតស៊ីហ្គេម ទ្វីបអាស៊ី និង ពិភពលោកយើងពុំទាន់ប្រជែងដណ្តើមបានមេដាយមកជូនកម្ពុជាក៍ដោយ ប៉ុន្តែកីឡាថ្នាក់តំបន់ដូចជាកីឡាមេគង្គហ្គេមដែលរៀបចំដោយប្រទេសជិតខាងយើងក៍មានលទ្ធភាពប្រជែងដណ្តើមបានមេដាយមាសជូនកម្ពុជាដែរហើយ។ ដូច្នោះដើម្បីពង្រឹងឲ្យអត្តលិកយើងមានលទ្ធភាពឈានទៅប្រជែងដណ្តើមបានមេដាយជូនកម្ពុជា នៅស៊ីហ្គេម ឆ្នាំ២០២៣ ស្របតាមផែនការរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាយើងរៀបចំផែនការហ្វឹកហាត់នៅក្នុងស្រុកម៉ត់ចត់ល្អ ពិសេស ត្រូវសិក្សាពីចំណុចខ្វះខាតរបស់កីឡាករ កីឡាការិនីដោយធ្វើការកែប្រែចំណុចខ្សោយទាំងនោះ ឲ្យក្លាយទៅជាល្អប្រសើរវិញ ដើម្បីឲ្យពួកគេមានសក្តានុពល និងគុណភាពពេលចូលរួមប្រជែងលើឆាកអន្តរជាតិ។ទន្ទឹមជាមួយគ្នានេះ ឯកឧត្តម ប្រធានសហព័ន្ធ ក៍បានក្រើនរំលឹកដល់កីឡាករ កីឡាការិនីជម្រើសជាតិទាំងឈុតធំ និងជម្រើសជាតិថ្នាលឲ្យបន្តយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់បង្កើនសមត្ថភាពឲ្យអស់ពីលទ្ធភាពដែលខ្លួនមាន ដើម្បីបង្កើនភាពខ្លាំងត្រៀមប្រជែងដណ្តើមយកមេដាយជូនជាតិពេលចូលរួមប្រកួតនៅលើឆាកអន្តរជាតិ នាឆ្នាំ២០២១ និងឆ្នាំ២០២៣ ស៊ីហ្គេមនៅកម្ពុជា។ ឯកឧត្តម បានណែនាំទៀតថា កីឡាករ កីឡាការិនីដែលអាចវិវឌ្ឍខ្លួនក្លាយជាកីឡាល្អចាំបាច់ត្រូវតែមានក្រមសិល៍ធម៍ក្នុងការគោរពដូចជា គោរពពេលម៉ោងហ្វឹកហាត់ គោរពចំពោះការណែនាំរបស់គ្រូបង្វឹកដើម្បីទទួលបាននូវពិទ្ធិបច្ចេកទេសថ្មីមកអភិវឌ្ឍក្លាយជាកីឡាករដែលមានសក្តានុពល។
សូមរំលឹកថា កន្លងមកកីឡាករកីឡាការិនីកីឡាវាយសីកម្ពុជាពុំធ្លាប់ឈ្នះបានមេដាយពីព្រឹត្តិការណ៍ស៊ីហ្គេមបាននៅឡើយទេ ប៉ុន្តែព្រឹត្តិការណ៍ក្រៅពីស៊ីហ្គេម កីឡាករ កីឡាការិនីវាយសីកម្ពុជាធ្លាប់ឈ្នះមេដាយមាសជូនកម្ពុជា មានដូចជា កីឡាការិនីកែ ពេជ្រ ឆរ៉ាវី និង អ៊ុង វលក្ខណទេវី ឈ្នះមេដាយពីព្រឹត្តិការណ៍មេគង្គហ្គេមនៅប្រទេសថៃ និងកីឡាករ វ៉ាត់ វ៉ាន់ធនឈ្នះមេដាយជាក្រុមពីព្រឹត្តិការប្រកួតកម្រិតពិភពលោកនៅប្រទេសអាហ្សង់ទីន៕