ក្រសួងអប់រំបានអនុញ្ញាឲ្យរៀបចំការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២០ឡើងវិញ ក្រោយពន្យាពេលអស់៨ខែ
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសអនុញ្ញាឲ្យរៀបចំការ ប្រកួតកីឡាសិស្ស បឋម សិក្សា ថ្នាក់ជាតិឆ្នាំ២០២០ ឡើងវិញ បន្ទាប់ពីត្រូវបានពន្យាពេលអស់៨ខែកន្លងមក ដោយសារបញ្ហាកូវិដ១៩ ខណៈដែល ការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី២០ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរាជធានី ភ្នំពេញ ។
យោងតាមការលើកឡើងរបស់លោក ដួង មាស ចំរើន ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិត នៅក្នុងកិច្ចប្រជុំបច្ចេកទេស បានបញ្ជាក់ថា ទោះបីក្រសួងអប់រំ យុវជន និងកីឡា បាន អនុញ្ញា ឲ្យមានការរៀបចំប្រកួតឡើងវិញក៏ពិតមែន ប៉ុន្តែយើងនៅតែប្រកាន់ភ្ជាប់នូវវិធានការការពារកូវិដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ។ លើសពីនេះរាល់ ការប្រកួតមិនអនុញ្ញាតឲ្យមានអ្នកទស្សនា កន្លែងប្រកួតត្រូវបែងចែកដាច់ពីគ្នា កន្លែងហូបចុក និងស្នាក់ នៅក៏ដាច់ពីគ្នាដែរ។
លោក ដួង មាសចំរើន បានឲ្យដឹងទៀតថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២០ ដោយមានការឯកភាពពីក្រសួងអប់រំ យុវជន និងកីឡា និងអគ្គនាយកដ្ឋានកីឡា និងសហការ ជាមួយ សហព័ន្ធកីឡាជាតិ នឹងរៀបចំការប្រកួតឲ្យទៅជាទម្រង់ហ្គេមថ្នាក់ជាតិ ជាលើកដំបូង ស្របពេលដែរ កីឡាចំនួន ៨ប្រភេទដែលនឹងត្រូវដាក់បញ្ចូល ទៅក្នុងការប្រកួតនាឆ្នាំនេះ ដែររួមមាន៖ បាល់ទាត់, បាល់បោះ, បាល់ទះ, អត្តពលកម្ម, វាយសី, វាយកូនឃ្លីលើតុ, តេក្វាន់ដូ WT និងតេក្វាន់ដូ ITF។
លោកបញ្ជាក់ថា សម្រាប់ទីលានប្រកួត គឺបានជ្រើសរើសទីលានចំនួន០៤ ក្នុងនោះមានទីលាន ក្នុង ពហុកីឡដ្ឋានជាតិអូឡាំពិក, វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា, វិទ្យាល័យច្បារអំពៅ និង វិទ្យាល័យ បឹងកេងកង។ គួរបញ្ជាក់ថា កាលពីពាក់កណ្ដាលឆ្នាំ២០១៩ ក្រសួងអប់រំ យុវជន និងកីឡា បានរៀប ចំឲ្យមានការប្រកួតកីឡាសិស្សវិទ្យាល័យថ្នាក់ជាតិផងដែរ ដែលជាឆ្នាំដំបូងនេះត្រូវបានដាក់កីឡាចំនួន ១១ប្រភេទឲ្យប្រកួត ដែលរួមមានចំនួន ៩៥វិញ្ញាសា និងមានអត្តពលិកចំនួន ៣.៣៩០នាក់ ចូលរួម៕