ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ចែកពូជស្រូវដល់ប្រជាពលរដ្ឋ៣ឃុំ ដែលទទួលរងផលប៉ះពាល់ខូចខាតស្រូវដោយជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ

ត្បូងឃ្មុំ ៖ ឯកឧត្តម សូខន ឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានចុះចែកពូជស្រូវដល់ប្រជាពលរដ្ឋ៣ឃុំ ដែលទទួលរងផលប៉ះពាល់ខូចខាតស្រូវដោយជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន និងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ។

ពិធីនេះរៀបចំឡើងដោយមានការចង្អុលបង្ហាញពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការយកចិត្តទុកដាក់ពី ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្ម និងសំណង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងការដឹកនាំរបស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ។

លោក ងួន ប៊ុណ្ណាន អភិបាលស្រុកអូររាំងឪ បានឱ្យដឹងថា ប្រជាពលរដ្ធដែលទទួលរងផលប៉ះពាល់ខូចខាតស្រូវដោយជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ មានចំនួន៣ឃុំ គឺឃុំមៀន ឃុំព្រះធាតុ និងឃុំអំពិលតាពក ស្មើនឹង៤៥៥គ្រួសារ លើផ្ទៃដី៣១២ហិចតា ។

ក្នុងឱកាសនោះ ឯកឧត្តម សូខន ឬទ្ធីគុណ បានសម្តែងនូវការសោកស្តាយចំពោះបងប្អូនប្រជាពលរដ្ធ ដែលទទួលរងផលប៉ះពាល់ខូចខាតដំណាំ និងស្រូវ ដោយជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ នាពេលកន្លងមក ។ ដោយមានការចង្អុលបង្ហាញពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការយកចិត្តទុកដាក់ពី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ គ្រាន់តែបានដឹងថាប្រជាពលរដ្ឋជួយបការលំបាកភ្លាម ក៏បានចាត់មន្រ្តីឱ្យចុះពិនិត្យ និងស្វែងរកទិញពូជស្រូវដែលមានគុណភាពមកចែកជូនប្រជាពលរដ្ឋភ្លាមៗ ដើម្បីបានធ្វើស្រែបង្កបង្កើនផលឡើងវិញ ។

ឯកឧត្តម សូខន ឬទ្ធីគុណ បានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលតែងគិតគូរពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ធនៅតាមមូលដ្ឋាន ដោយមិនព្រងើយកន្តើយនោះទេ គឺរួមសុខរួមទុក្ខជាមួយគ្នា និងចុះដោះស្រាយរាល់ការលំបាកខ្វះខាត ពិសេសការជួយនូវគ្រោះធម្មជាតិឱ្យបានទាន់ពេលវេលា ។
  ជាមួយគ្នានោះ ឯកឧត្តម សូខន ឬទ្ធីគុណ ក៏សូមអំពាវនាវឲ្យប្រជាពលរដ្ឋទាំង៣ឃុំ ដែលទទួលរងផលប៉ះពាល់នាពេលនេះ មានការចែករំលែកនូវពូជស្រូវគ្នាក្នុងការបង្កបង្កើនផល ដោយអ្នកដែលមានដីស្រែតូច ត្រូវជួយយកអាសាគ្នាដល់អ្នកដែលមានដីស្រែធំ ទៅតាមលទ្ធភាពដែលបានធ្វើបានក្នុងការលៈទេសនេះផង ។

សូមបញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានយកពូជស្រូវសរុបចំនួន២០តោន ចែកប្រជាពលរដ្ឋនៅក្នុងឃុំទាំង៣ ដែលទទួលរងផលប៉ះពាល់ខូចខាតស្រូវដោយជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner