លទ្ធផលបោះឆ្នោតសហរដ្ឋអាមេរិកថ្មីបង្ហាញថា សំឡេងអ្នកបោះឆ្នោតតំណាងលោក ចូ បៃដិន ២៦៤ ខណៈលោក ដូណាល់ ត្រាំ ២១៤
អាមេរិក៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Fox News នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០បានអោយដឹងថា បេក្ខជនប្រធានាធិបតីតំណាងគណបក្សប្រជាធិបតេយ្យលោក ចូ បៃដិន កំពុងបន្តនាំមុខបេក្ខជនប្រធានាធិបតីតំណាងគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ ក្នុងសំឡេងអ្នកបោះឆ្នោតតំណាង២៦៤ ទល់នឹង ២១៤ ។
សំឡេងនេះ ជាសំឡេងមួយដែលមិនឆ្ងាយគ្នាពេកប៉ុន្មាននោះទេ ព្រោះនៅសល់រដ្ឋជាច្រើនទៀតដែលមិនទាន់បានរាប់សន្លឹកឆ្នោត ។ ហេតុនេះសំឡេងអាចនឹងប្រែប្រួល ខណៈអ្នកដែលអាចឈ្នះបាន លុះត្រាតែទទួលបានសំឡេងអ្នកបោះឆ្នោតតំណាងចំនួន ២៧០ ។
បើតាមសារព័ត៌មាន CGTN ការរាប់សន្លឹកឆ្នោតរដ្ឋ Swing state ជាច្រើន (រដ្ឋសំខាន់ៗដែលមានសំឡេងប្រតិភូច្រើន) ក្នុងនោះរួមមានរដ្ឋ Pennsylvania, Wisconsin, Michigan, និង Georgia បន្តធ្វើឡើងនៅឡើយ ហើយលទ្ធផលនៅតាមរដ្ឋទាំងនេះ នឹងកំណត់ថា លោក ត្រាំ បន្តដឹកនាំអាមេរិក ឬលោក បៃដិន នឹងក្លាយជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ៕