លោក ចូ បៃដិន និយាយថា រូបលោករំពឹងខ្ពស់ថា នឹងទទួលជ័យជំនះនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០នេះ

អាមេរិក៖ លោក ចូ បៃដិន នៅថ្ងៃពុធនេះអះអាងថា រូបលោកកំពុងឆ្ពោះទៅរកជ័យជម្នះលើលោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០នេះ ក្រោយលោកឈ្នះក្នុងរដ្ឋ Wisconsin និងរដ្ឋ Michigan នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ។

ថ្លែងទៅកាន់អ្នកគាំទ្រពីរដ្ឋកំណើតរបស់ខ្លួន ទីក្រុង Wilmington រដ្ឋ Delaware លោក បៃដិន បានបញ្ជាក់ថា ពេញមួយយប់នៃការរាប់សន្លឹកឆ្នោត… វាច្បាស់ណាស់ទៅហើយថា យើងនឹងទទួលបានអ្នកបោះឆ្នោតតំណាងគ្រប់គ្រាន់២៧០ ដើម្បីជាប់ឆ្នោតជាប្រធានាធិបតី ។ ខ្ញុំនៅទីនេះមិនមែនប្រកាសពីជ័យជម្នះ…ទេ តែខ្ញុំមកទីនេះដើម្បីរាយការណ៍តែប៉ុណ្ណោះ នៅពេលការរាប់សន្លឹកឆ្នោតត្រូវបានបញ្ចប់… យើងជឿជាក់ថា យើងគឺជាអ្នកឈ្នះ ។

យោងតាមលទ្ធផលបច្ចុប្បន្ននេះ លោក ចូ បៃដិន កំពុងនាំមុខលោក ដូណាល់ ត្រាំ ដោយទទួលបានអ្នកបោះឆ្នោតតំណាង២៦៤រូប ទៅនឹង២១៤រូប ដោយលោក បៃដិន ត្រូវការអ្នកបោះឆ្នោតតំណាងតែ៦រូបទៀតប៉ុណ្ណោះ ដើម្បីផ្ដួលលោក ត្រាំ ខណៈលោកកំពុងនាំមុខលោក ត្រាំ ក្នុងរដ្ឋ Nevada ៤៩.៣ភាគរយ ទល់នឹង៤៨.៧ភាគរយ ។ បើលោក បៃដិន ឈ្នះក្នុងរដ្ឋ Nevada ដែលមានអ្នកបោះឆ្នោតតំណាង៦រូប នោះសមល្មមគ្រប់គ្រាន់ឲ្យលោកទទួលបានអ្នកបោះឆ្នោតតំណាង២៧០រូប ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner