ក្រុមយុទ្ធនាការលោក ចូ បៃដិន រិះគន់លោក ដូណាល់ ត្រាំ ក្រោយគំរាមឲ្យបញ្ឈប់ការរាប់សន្លឹកឆ្នោត
អាមេរិក៖ ក្រុមយុទ្ធនាការនៅសេតវិមានរបស់លោក ចូ បៃដិន បានធ្វើការរិះគន់ចំពោះការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការព្យាយាមបញ្ឈប់ការរាប់សន្លឹកឆ្នោត ដោយនិយាយថា ជារឿងគួរឱ្យស្អប់ខ្ពើម ហើយថា ក្រុមអ្នកច្បាប់របស់ខ្លួនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារទង្វើដែលមិនធ្លាប់មានពីមុនមក នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ។
ការកត់សម្គាល់ខាងលើនេះបានកើតមានឡើងក្រោយក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ នៅថ្ងៃពុធនេះ បានដាក់ពាក្យបណ្ដឹងមួយ ជាការតវ៉ាតាមផ្លូវច្បាប់ ដើម្បីបញ្ឈប់ការរាប់សន្លឹកឆ្នោតនៅក្នុងរដ្ឋ Georgia ។ នៅក្នុងរដ្ឋ Georgia លោក ត្រាំ កំពុងនាំមុខលោក បៃដិន ៤៩.៩ភាគរយ ទល់នឹង៤៨.៩ភាគរយ ហើយរដ្ឋមួយនេះដែរ មានអ្នកបោះឆ្នោតតំណាង១៦រូប ។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានអះអាងនៅថ្ងៃពុធនេះថា លោកនឹងស្នើឲ្យតុលាការកំពូលធ្វើអន្តរាគមន៍បញ្ឈប់ការរាប់សន្លឹកឆ្នោត ខណៈក្រុមយុទ្ធនាការ របស់លោកក៏បានដាក់ពាក្យបណ្ដឹងស្នើបញ្ឈប់ការរាប់សន្លឹកឆ្នោត ក្នុងរដ្ឋ Michigan និងរដ្ឋ Pennsylvania ផងដែរ ។ លោក ត្រាំ តែងតែចោទប្រកាន់ថា ការបោះឆ្នោតឆ្នាំ២០២០នេះ គឺពោរពេញដោយអំពើពុករលួយ និងការក្លែងបន្លំសន្លឹកឆ្នោត ដែលរូបលោកចង់សំដៅទៅលើការបោះឆ្នោតតាមប្រៃសនីយ៍ ៕