កម្ពុជាបានធ្វើតេស្ដមនុស្សជាង៨០០នាក់ ដែលសង្ស័យថាបានប៉ះពាល់ជាមួយរដ្ឋមន្ត្រីកាបរទេស និងពាណិជ្ចកម្មហុងគ្រី ប៉ុន្តែមានទាន់មានអ្នកឆ្លងជំងឺកូវីដ-១៩នៅឡើយទេ

អត្ថបទដោយ៖
ធី ដា

រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី បានបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃសទី៣វិច្ឆិកាឆ្នាំ២០២០ ហើយលោកត្រូវបានប្រទេសថៃរកឃើញថា មានផ្ទុកវីរុសកូវីដ-១៩នៅថ្ងៃសទី៤វិច្ឆិកាឆ្នាំ២០២០ នៅពេលដែលលោកបន្តបំពេញទស្សនកិច្ចនៅប្រទេសថៃ។

ក្រសួងសុខាភិបាលនៅថ្ងៃទី៥វិច្ឆិកានេះ បានបញ្ជាក់ថា ក្រោយពីទទួលបានសេចក្ដីជូនព័ត៌មាន ស្ដីពីករណីវិជ្ជមានវីរុសកូវីដ-១៩ របស់លោករដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី ក្នុងពេលដែលលោកកំពុងបំពេញបេសកកម្មផ្លូវការនៅប្រទេសថៃ នៅថ្ងៃសទី៤វិច្ឆិកាឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានធ្វើការស្រាវជ្រាវភ្លាមៗ ដើម្បីរកអ្នកដែលបានប៉ះពាល់ជាមួយលោករដ្ឋមន្ត្រី ក្នុងរយៈពេលដែលបានធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា កាលពីថ្ងៃទី៣វិច្ឆិកាឆ្នាំ២០២០កន្លងទៅ និងបានយកវិត្ថុសំណាកអ្នកដែលប៉ះពាល់ទៅវិភាគ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា គិតត្រឹមម៉ោង១១យប់ថ្ងៃទី៤វិច្ឆិកា អ្នកប៉ះពាល់សរុបចំនួន៦២៨នាក់ ត្រូវបានធ្វើតេស្ដសំណាកដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលទទួលបានលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩ទាំងអស់គ្នា។

ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា នៅថ្ងៃទី៥វិច្ឆិកាឆ្នាំ២០២០ ការធ្វើតេស្ដអ្នកប៉ះពាល់លោករដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី មានចំនួន២១២នាក់ ក្នុងនោះមានជនជាតិហុងគ្រីម្នាក់ផងដែរ ហើយទទួលបានលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩ទាំងអស់គ្នា។

ដូច្នេះចំនួនសរុបអ្នកប៉ះពាល់ទាំងអស់មាន៨៤០ បានធ្វើតេស្ដ សម្រាប់ថ្ងៃទី៤និងទី៥វិច្ឆិកា ដោយទទួលបានលទ្ធផលអវិជ្ជមានវូរុសកូវីដ-១៩ទាំងអស់។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលបានណែនាំឲ្យអ្នកដែលប៉ះពាល់ទាំងអស់ដែលមានលទ្ធផលតេស្ដលើកទី១ អវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបន្តធ្វើចត្តាឡីស័កនៅតាមគេហដ្ឋានឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយត្រូវត្រលប់មកធ្វើតេស្ដវិញចំនួន៣ដងទៀត នៅវិមានមិត្តភាពទីស្ដីការគណៈរដ្ឋមន្ត្រី ដែលមានរៀបចំទីតាំងយកវត្ថុសំណាកសម្រាប់ធ្វើតេស្ដរកវីរុសកូវីដ-១៩ ចាប់ពីម៉ោង៧ព្រឹក ។ ការយកសំណាក នឹងត្រូវយកលើកទី២នៅថ្ងៃទី៩វិច្ឆិកាឆ្នាំ២០២០, លើកទី៣នៅថ្ងៃ១៤វិច្ឆិកាឆ្នាំ២០២០ និងលើកទី៤ នៅថ្ងៃទី១៨វិច្ឆិកាឆ្នាំ២០២០៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner