គ្រួសារមួយមានគ្នា៣នាក់ ចេញពីហូបមីហឹរ ត្រូវចោរឆក់កាបូបមិនបានសម្រេចបណ្តាលឲ្យដួលរងរបួសទាំង៣នាក់
ភ្នំពេញ៖ មានជនសង្ស័យ២នាក់បានជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ ខណៈកំពុងជិះម៉ូតូជាមួយប្តី និងកូនមិនបានសម្រេច តែបណ្តាលឲ្យដួលម៉ូតូទាំងជនរងគ្រោះ និងជនសង្ស័យ កាលពីវេលាម៉ោង៩និង ៣០នាទីយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម ខាងលិចស្តុបណានជីង ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនរងគ្រោះជាប្តីមានឈ្មោះ គឹម យ៉ាត់ ភេទប្រុសអាយុ៤១ ឆ្នាំមានមុខរបរធ្វើការនៅកុងស៊ីកាប់ជ្រូក ស្នាក់នៅសង្កាត់ទឹកថ្លាខណ្ឌសែនសុខ មានស្រុកកំណើតនៅ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ប្រពន្ធមានឈ្មោះញ៉ឹក ម៉ាម់ ភេទស្រីអាយុ ២៨ឆ្នាំមុខរបររោងចក្រ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើត ភូមិ ឃុំ ជាមួយគ្នា ។ ចំណែកកូនស្រីមិនស្គាល់អត្តសញ្ញាណនោះទេ ។
តាមសម្ដីជនរងគ្រោះជាប្រពន្ធបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់ទាំងបីនាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពីពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1FW-7944 ទើបនិងចេញពីហូបមីហឹរមួយកន្លែងគោលបំណងត្រឡប់ទៅកន្លែងស្នាក់នៅវិញដោយធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោមទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏លេចមុខជនសង្ស័យចំនួន២នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០១៨ មួយគ្រឿងមិនចាំស្លាកលេខ ធ្វើដំណើរមកខាងក្រោយរួចធ្វើសកម្មភាពឆក់កាបូបស្ត្រីជាប្រពន្ធកំពុងស្ពាយចំហៀង មិនបានសម្រេចត្រូវជនរងគ្រោះចាប់ទាញយកមកវិញ បណ្ដាលឲ្យដួលទាំងជនសង្ស័យនិងជនរងគ្រោះដួលអូសទៅថ្នល់ទាំងអស់គ្នា ។ ភ្លាមៗនោះជនសង្ស័យក៏បាននាំគ្នាលើកម៉ូតូរួចជិះគេចខ្លួនបាត់ស្រម៉ោល ។ ចំណែកជនរងគ្រោះទាំង៣នាក់បានរងរបួសដៃជើងទាំងអស់គ្នា តែមិនដល់ថ្នាក់ធ្ងន់ធ្ងរនោះឡេីយ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហេីយទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ផងដែរ តែជនរងគ្រោះមិនបានទៅមន្ទីពេទ្យនោះទេ ទេីបគ្រូពេទ្យសម្រេចចិត្តជួយលាងរបួសនៅនិងកន្លែង តែម្ដង ។ បន្ទាប់មកសមត្ថកិច្ចបានឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់មិត្តភាព ផងដែរ តែជនរងគ្រោះមិនទៅនោះទេ រួចបាននាំគ្នាឡើងជិះម៉ូតូត្រឡប់ទៅកន្លែងស្នាក់នៅវិញដេីម្បីសម្រាកព្យាបាលដោយខ្លូនឯង ៕ ដោយ៖ ជីម ភារ៉ា