ពេលល្ងាចកាប់កម្ទេច ទូក និងចង់ដុតចោលម្ដងហេីយ យប់ឡេីងបេីកទូកបុកទូកគេទៀត ត្រូវសមត្ថកិច្ចខណ្ឌដូនពេញឃាត់ខ្លួន
ភ្នំពេញ៖ ទូកទេសចរណ៍របស់ឈ្មោះ (ឈឿន ម៉េងហៀកទេសចរណ៍) ត្រូវភាគីម្ចាស់ទូក២នាក់ប្ដីប្រពន្ធ មានឈ្មោះ (មេគង្គស្តារ) ចូលចតក្បែរហេីយទាញពូថៅកាប់ទៅលេីបង្កាន់ដៃទូក និងយកសាំងមកជះបំរ៉ុងដុតកម្ទេចចោល បង្កការភ្ញាក់ផ្អេីលទាំងភ្ញៀវទេសចរណ៍ នៅលេីទូក កាលពីវេលាម៉ោង៦ និង ៤០នាទី ល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចច្រាំងទន្លេសាប ទល់មុខភោជនីដ្ឋាន(FCC) ផ្លូវសុីសុវត្តិ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
យោងតាមសម្ដីស្ត្រីម្នាក់ដែលជាម្ចាស់ទូករងគ្រោះ មានឈ្មោះ ទូច ឈាងម៉េង អាយុ៤០ឆ្នាំ មុខរបប រត់ទូកទេសចរណ៍ និងមានស្រុកកំណេីតនៅភូមិព្រែកកំបៅ៣ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានប្រាប់ឲ្យដឹងថា នៅល្ងាចថ្ងៃកេីតហេតុពួកគាត់បានចូលចតនៅចំណុចកេីតហេតុខាងលេី ស្រាប់តែឃេីញទូកឈ្មោះ (មេគង្គស្តារ) ចូលចតក្បែរ ហេីយបានជេប្រមាថ ដោយបុរសម្នាក់ឈ្មោះ រ៉ា ជាម្ចាស់ទូកបង្ក បានទាញពូថៅ មកកាប់កម្ទេចបង្កាន់ដៃទូករងគ្រោះឈ្មោះ(ឈឿន ម៉េងហៀកទេសចរណ៍)បណ្ដាលឲ្យខូចខាតយ៉ាងដំណំ ចំណែកស្ត្រីម្នាក់ឈ្មោះ ភួន ចាន់ល័ក្ខ ត្រូវជាប្រពន្ធ ខាងភាគីបង្ក ក៍បានទាញដែកចង្អេីអាំងសាច់គប់ទៅលេីម្ចាស់ទូកឈ្មោះ(ឈឿន ម៉េងហៀកទេសចរណ៍)តែត្រូវគេចផុត បង្កឲ្យមានការភ្ញាក់ផ្អេីលដល់ភ្ញៀវទេសចរណ៍នៅលេីទូកជាខ្លាំងតែម្ដង។
លុះដល់ម៉ោងប្រមាណជាង៩យប់ ភាគីបង្កបានដាក់ភ្ញៀវចុះអស់ ក៏បានបេីកទូកមកបុកទូករងគ្រោះទាំងកំរោលបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ហេីយភ្លាមៗក៏បេីកទូកចេញទៅបាត់តែម្ដង ។
ក្រោយមក ភាគីរងគ្រោះក៏បានទៅប្ដឹងដល់សមត្ថកិច្ចប៉ុស្ដិ៍នគរបាល ជ័យជំនះ ឲ្យជួយអន្តរាគមន៍ រកយុត្តិធម៌ ។ បន្ទាប់ពីទទួលបានព័ត៌មានខាងលេីភ្លាម កម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ ដែលជាអធិការខណ្ឌ បានសហការជាកម្លាំងអន្តរាគមន៍ជេីងទឹក ចុះទៅស្រាវជ្រាវចាប់ខ្លួនបុរសម្នាក់ជាជនបង្ក តែរកមិនឃេីញ ក៏បាននាំខ្លួនស្ត្រីម្នាក់ជាប្រពន្ធជនបង្កទៅធ្វេីការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដេីម្បីអនុវត្តន៍តាមនីតិវិធី ។
ចំពោះមូលហេតុដែលក្រុមការងារទទួលបានបឋម គឺបណ្ដាលមកពី (ដណ្ដឹមកន្លែងចត ) ៕ដោយ៖ ជីម ភារ៉ា