អភិបាលខណ្ឌចំការមន ជំរុញផែនការការពារសន្តិសុខ សុវត្ថិភាពក្នុងរាជធានី សម្រាប់ការពារបុណ្យឯករាជ្យជាតិ៩វិច្ឆិកា
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ អភិបាលខណ្ឌចំការមន បានត្រៀមរួចជាស្រេច នូវកងកម្លាំងមានសមត្ថកិច្ច និងកម្លាំងរដ្ឋបាលទូទាំងខណ្ឌ សម្រាប់ការការពារ រក្សាសន្តិសុខ សុវត្ថិភាព ក្នុងព្រះរាជពិធី បុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខាងមុខនេះ។ អភិបាលខណ្ឌចំការមន បានថ្លែងជំរុញផែនការការពារសន្តិសុខ សុវត្ថិភាពក្នុងរាជធានីនេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដែលកិច្ចប្រជុំមានការចូលរួមពីកងកម្លាំងប៉ូលីស និងអាវុធហត្ថចូលរួមផងដែរ។
លោក ថេង សុថុល អភិបាលខណ្ឌចំការមន មានប្រសាសន៍ក្នុងកិច្ចប្រជុំ ដោយលើកឡើងថា បញ្ហាសន្តិសុខ សុវត្ថិភាពនៅរាជធានីភ្នំពេញ ត្រូវបានរដ្ឋបាលខណ្ឌគិតគូរ និងវាយតម្លៃរួចហើយ គឺមិនមានអ្វីកើតឡើងនោះទេ។ ប៉ុន្តែទោះជាយ៉ាងណាក្តី ក្នុងនាមរដ្ឋបាលខណ្ឌនៅតែត្រៀមកម្លាំងក្នុងការ បង្ការទប់ស្កាត់ ចំពោះឧបាយកលរបស់ជនអគតិមួយចំនួន ដែលត្រូវគេដឹងថា តែងឆ្លៀតឪកាស បង្កចលាចល ក្នុងពេលរាជធានី មានពិធីបុណ្យជាតិនានា។
ក្នុងកិច្ចប្រជុំខាងលើ លោក ថេង សុថុលក៏បានជំរុញឲ្យអាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវចុះធ្វើការស្រាវជ្រាវ និងមានវិធានការបង្ក្រាបគ្រឿងញៀន និងទីតាំងល្បែងស៊ីសង គ្រប់ប្រភេទទាំងល្បែងឡូតូ និងឆ្នោតវៀតណាម ជាដើម ដើម្បីធ្វើយ៉ាងរក្សាបាននូវសន្តិសុខល្អជូនប្រជាពលរដ្ឋបន្ថែមទៀត។
លោកអភិបាលខណ្ឌក៏បានជំរុញឲ្យអាជ្ញាធរ ធ្វើការដាក់គោលដៅឆែកឆេរអាវុធ នៅតាមទីតាំងផ្លូវដែលពាក់ព័ន្ធនៅជាប់ទីតាំងប្រារព្ធពិធី និងរៀបចំពិនិត្យទីតាំងសំរាប់ភ្ញៀវជាតិ និងអន្តរជាតិ កុំឲ្យមានការកកស្ទះនេះផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យព្រះរាជពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ដំណើរការទៅដោយរលូន និងទទួលបាននូវភាពជោគជ័យ៕ដោយ៖ ប៊ុនធី