សហគ្រាសខ្នាតតូច ” កែច្នៃឡើងវិញនូវកាកសំណល់ថង់ប្លាស្ទិក” ក្នុងក្រុងបាត់ដំបង ដែលក្រសួងបរិស្ថាននិងអង្គការយូនីឌូ (UNIDO) សហគមន៍អឺរ៉ុប ជ្រើសរើសធ្វើជាដៃគូអនុវត្តនូវគម្រោងកាត់បន្ថយថង់ប្លាស្ទិកនៅក្នុងទីក្រុង ទទួលបានជំនួយពីដៃគូ
សហគ្រាសខ្នាតតូចកែច្នៃថង់ប្លាស្ទិកមួយកន្លែង ដែលបានបង្កើតឡើង នៅក្នុងអំឡុងឆ្នាំ២០១៧ ហើយត្រូវផ្អាកដំណើរការមួយរយៈ ដោយការផ្លាស់ប្តូរទីតាំងថ្មី ស្ថិតនៅឃុំតាពូង ស្រុកថ្មគោល របស់ខេត្តបាត់ដំបង ហើយត្រូវបានក្រសួងបរិស្ថាន ជ្រើសរើសធ្វើជាដៃគូនិងទទួលបានការឧបត្ថម្ភគាំទ្រពីអង្គការយូនីឌូ (UNIDO)សហគមន៍អឺរុបផងនោះ បានជ្រើសយកសហគ្រាសមួយនេះដើម្បីធ្វើជាដែគូរបស់សាលាក្រុងបាត់ដំបង ក្នុងការអនុវត្ត នូវគម្រោងកាត់បន្ថយថង់ប្លាស្ទិក ក្នុងក្រុងបាត់ដំបង។
ហើយថ្មីៗនេះ ត្រូវបានអង្គការUNIDOផ្តល់និងប្រគល់នូវសម្ភារៈខ្សែសង្វាក់គ្រឿងចក្រកែច្នៃថ្មីមួយចំនួនបន្ថែមទៀត ដើម្បីបំពាក៎ដល់សហគ្រាសខ្នាតតូចមួយនេះ បានដំណើរការកាន់តែល្អប្រសើរជាងមុនថែមទៀត។
នេះបើតាមការគូសបញ្ជាក់ពីលោក សុង សើង ប្រធានការិយាល័យសាធារណការ និងបរិស្ថាន ក្រុងបាត់ដំបង ជាតំណាងលោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង និងលោក ណយ ចេក ជាអនុប្រធានការិយាល័យសាធារណការនិងបរិស្ថានក្រុង ហើយក៏ជាតំណាងនៃភាគីទទួលជំនួយពីដៃគូជាម្ចាស់ជំនួយរបស់អង្គការយូនីឌូផ្ទាល់ ជាមួយនិងលោក នាង ច័ន្ទថារ៉ា ដែលជាភាគីតំណាងម្ចាស់ភាគហ៊ុន នៃសហគ្រាសខ្នាតតូចកែច្នៃថង់ប្លាស្ទិក ដែលត្រូវទទួលនូវសម្ភារៈទាំងនេះ។
តាមការគូសបញ្ជាក់ឲ្យដឹង ពីលោក នាង ច័ន្ទថារ៉ា ដែលជាម្ចាស់ភាគហ៊ុនសហគ្រាស មួយនេះបានឲ្យដឹងថា៖សហគ្រាសខ្នាតតូចកែច្នៃថង់ប្លាស្ទិកនេះ បានចាប៎ដំណើរការតាំងពីឆ្នាំ២០១៧រហូតមក ស្ថិតនៅផ្លូវវៀងក្រុង ក្នុងសង្កាត់វត្តគរ។ ហើយត្រូវបានផ្អាកដំណើរការមួយរយៈ នៅក្នុងអំឡុងឆ្នាំ២០១៩ ដោយសារតែការផ្លាស់ប្តូរមកកាន់ទីតាំងថ្មី ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកថ្មគោល នេះ។
តំណាងសហគ្រាសដដែលនេះបានឲ្យដឹងទៀតថា៖កន្លងមកសហគ្រាសខ្លួនបានធ្វើការកែច្នៃនូវកាកសំណល់ថង់ប្លាស្ទិក ដែលត្រូវបានប្រើប្រាស់រួចតាមរយៈនៃការប្រមូលថង់ពីទីលានគំនរសំរាម និង ការប្រមូលទិញពីប្រជាពលរដ្ឋ ដោយក្នុងមួយគីឡូក្រាម តម្លៃ៣០០រៀល។លោកបានបន្ថែមថា៖
សហគ្រាសរបស់ខ្លួនបានចាប់ដំណើរការឡើងវិញកាលពីខែ១២ឆ្នាំ២០១៩កន្លងទៅ។ បច្ចុប្បន្ន សហគ្រាស បាននិងកំពុងប្រើប្រាស់កម្លាំងពលកម្មប្រមាណពី១០-១៥នាក់ ផងដែរ។
លោក នាង ច័ន្ទថារ៉ា ក៏បានគូសបញ្ជាក់ឲ្យដឹងទៀតថា៖តាមរយៈការកែច្នៃនៃកាកសំណល់ថង់ប្លាស្ទិកកន្លងមកនេះគឺសហគ្រាសបានប្រើប្រាស់និងតម្រូវការសំណល់ថង់ប្លាស្ទិកដែលប្រើប្រាស់រួចប្រមាណពី៤០-៥០តោនក្នុងមួយខែៗ ដោយបានធ្វើការកែច្នៃឲ្យទៅជាវត្ថុធាតុដើម និងបន្ទាប់មកវត្ថុធាតុដើមកែច្នៃរួចទាំងនេះ ត្រូវយកទៅផលិតកែច្នៃជាថង់ប្លាស្ទិកដើម្បីប្រើប្រាស់បានឡើងវិញ នូវក្នុងការវេចខ្ចប់របស់ស្ងួត ដែលមិនមែនជាចំណីអាហារ។
លោក នាង ច័ន្ទថារ៉ា ក៏បានសង្កត់ធ្ងន់ ឲ្យដឹងបន្ថែមទៀតថា៖បើទោះបីសហគ្រាសខ្លួនធ្វើការកែច្នៃនូវកាកសំណល៎ថង់ប្កាស្ទិកបែបនេះ ក៏មិនមែនមានន័យក្នុងការលើកទឹកចិត្តគាំទ្រដល់អ្នកប្រើប្រាស់ទាំងនោះឡើយ។ តែវាក៏ជាការរួមចំណែក ដ៏ល្អប្រសើរមួយផ្នែក ដើម្បីជួយទប់ស្កាត់កាកសំណល់ថង់ប្លាស្ទិកទាំងនេះមិនឲ្យរាយប៉ាយឬហើរប៉ើងលើដងផ្លូវ ហើយវាថែមទាំងជួយដល់បរិស្ថានក្នុងក្រុងនិងជួយកាត់បន្ថយមិនឲ្យថង់ប្លាស្ទិកទាំងនេះ កប់ចោលទៅក្នុងដី បានមួយកម្រិតផងដែរ។ មកដល់ពេលនេះ សហគ្រាសខ្នាតតូចកែច្នៃថង់ប្លាស្ទិករបស់លោកបានធ្វើជាដៃគូដ៏មានសារៈសំខាន់ជាមួយនិងរដ្ឋបាលក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងការអនុវត្តនូវ “គម្រោងកាត់បន្ថយថង់ប្លាស្ទិក ក្នុងក្រុងបាត់ដំបង” ដែលគាំទ្រដោយ ក្រសួងបរិស្ថាន និងUNIDO ផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )