តុលាការខេត្ដស្វាយរៀង ចេញដីកា បង្គាប់ឲ្យឈ្មោះ សុខ សុភ័ក្រ ថៅកែឡានជនបង្កក្នុងសំណុំរឿងរថយន្តបុក ចូលផ្ទះស្លាប់មនុស្ស៤នាក់ ឲ្យចូលខ្លួនបំភ្លឺ
ស្វាយរៀង៖ លោក សោ ពន្លក ចៅ ក្រមស៊ើបសួរនៃសាលាដំបូងខេត្ដ ស្វាយរៀង បានចេញដីកាបង្គាប់ឲ្យឈ្មោះ សុខ សុភ័ក្រ ភេទប្រុសអាយុ៣៥ ឆ្នាំមុខរបរ មន្ដ្រីនគរបាល ពាក់ព័ន្ធករណី បើកបរដោយធ្វេសប្រហែសខ្ជីខ្ជាមិនប្រុងប្រយ័ត្ន បណ្ដាលឲ្យរបួស និងស្លាប់អ្នកដទៃ ប្រព្រឹត្ដិនៅភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយ រៀង កាលពីថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៩ ដើម្បីសាកសួរ ។
យោងតាមដីកាបង្គាប់ឲ្យឈ្មោះ សុខ សុភ័ក្រ ចូលខ្លួនទៅកាន់សាលាដំបូងខេត្ដស្វាយរៀងនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ ក្នុងករណីបើឈ្មោះ សុខ សុភក្រ មិនព្រមចូលខ្លួនតាមការកំណត់ខាងលើទេ តុលាការនឹងចេញដីកាបង្គាប់ឲ្យនាំខ្លួន ឬ ដីកាបង្គាប់ឲ្យចាប់ខ្លួនតែម្ដង ។ សូមបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ដ៏រន្ធត់ខាងលើនេះបានកើត ឡើងនៅភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
ប្រភពព័ត៌មានបានប្រាប់្យដឹងថា សព ជនរងគ្រោះ៤នាក់ទី១ឈ្មោះ នាង សុផាន់តារ៉ា ភេទប្រុស អាយុ៤០ឆ្នាំ (ប្តី), ទី២ឈ្មោះ សាត់ វណ្ណា ភេទស្រី អាយុ ២៨ឆ្នាំ (ប្រពន្ធ),ទី៣ឈ្មោះ ស្តើង ភារុន ភេទប្រុស អាយុ២ឆ្នាំ (កូន), និងទី៤ ឈ្មោះ ស្តើង ដាវីត ភេទប្រុស អាយុ ២ខែ (កូន)»។ សាច់ញាតិរបស់ជនរងគ្រោះសង្ឃឹមថា តុលាការ និងជួយរកយុត្ដិធម៌ជូនពួកគាត់ ៕ ដោយ ៖ បញ្ញា