វគ្គហ្វឹកហ្វឺនចំនួន ០២បានប្រារព្ធពិធីបើកក្រោមអធិបតីភាពមេបញ្ជាការរងកងទ័ពជើងគោក

អត្ថបទដោយ៖
ធី ដា

ខេត្តកំពង់ស្ពឺ ៖ ការហ្វឹកហ្វឺនបណ្តុះបណ្តាល និងការកសាងធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទ ពិតជាបានឆ្លើយតបយ៉ាងត្រឹមត្រូវ និងទាន់ពេលវេលាទៅនឹង ការកែទម្រង់កងយោធពលខេមរភូមិន្ទ សំដៅកសាងពង្រឹងសមត្ថភាព ជំនាញពិតប្រាកដ មានវិជ្ជាជីវៈឲ្យដល់កងទ័ពក្នុងការអភិវឌ្ឃប្រទេសជាតិ និងពង្រឹងប្រៀបការពារជាតិឲ្យបានកាន់តែរឹងមាំ។ នេះជាប្រសាសន៍លើកឡើងរបស់ ឧត្តមសេនីយ៍ឯក កែន តារា មេបញ្ជាការរងកងទ័ពជើងគោក ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញភស្តុភារ និងវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាល នាយទាហានរងជាន់ខ្ពស់ជំនាន់ទី ១២ជូនដល់យោធិនចំណុៈបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ឯកឧត្តម កែន តារ៉ា បានគូសបញ្ជាក់ពីសារៈសំខាន់ចំពោះវគ្គទាំងពីរ ដែលបានដំណើរការបើកនាពេលនេះ គឺសំដៅធានាឲ្យការងារប្រយុទ្ធ ការងារបម្រើប្រយុទ្ធក៏ដូចជាសកម្មភាពប្រចាំថ្ងៃរបស់កងទ័ពក្នុងការបំពេញភារកិច្ច និងការបង្កើនប្រសិទ្ធភាពការងារ ការលើកកម្ពស់ការដឹកនាំបញ្ជា និងបង្កើនសមត្ថភាព ប្រសិទ្ធភាព ទាំងចំណេះដឹង ចំណេះធ្វើពិតប្រាកដ ទាំងការងារគ្រប់គ្រងភស្តុភារ ការលើកកម្ពស់ និងបង្កើនសមត្ថភាព ដល់នាយទាហាន   នាយទាហានរង   និងពលទាហាន កងទ័ពជើងគោក និងការទទួលខុសត្រូវខ្ពស់ ក្នុងការធានាជីវភាពរស់នៅជូនកងទ័ព ក៏ដូចជាការបង្កើនការដឹកនាំគ្រប់ខ្សែររយៈលើវិស័យការងារភស្តុភារ  ឈានទៅសម្រេចក្នុងភារកិច្ចចាំបាច់ចំពោះមុខ ក៏ដូចជាដំណើរការកែទម្រង់កងយោធពលខេមរភូមិន្ទ ។

ឯកឧត្តម កែន តារា ក៏បានថ្លែងកោតសរសើរ វាយតំលៃខ្ពស់ចំពោះ ការិយាល័យទី៤ កងទ័ពជើងគោក និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក អង្គភាព ស្ថាប័នពាក់ព័ន្ទទាំងអស់ដែលបានសហការល្អធ្វើឲ្យវគ្គទាំងពីរបានដំណើរការបើកតាមការគ្រោងទុក ។ នៅទីបញ្ចប់ ឯកឧត្តម កែន តារា បានផ្តាំផ្ញើរដល់កម្មសិក្សាការីទាំងអស់ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ បន្តស្រាវជ្រាវឯកសារបន្ថែម ត្រូវមានវិន័យខ្ពស់ ត្រូវគោរពវិន័យបទបញ្ជាផ្ទៃក្នុង ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ និងគោរពពេលវេលារៀនសូត្រឲ្យបានមត់ចត់ មានអត្តចរិតល្អ សាកសមជាកងយោធពលខេមរភូមិន្ទ ។

ឯកឧត្តម កែន តារា ក៏បានសំណូមពរដល់គ្រូយោធាចារ្យ ត្រូវខិតខំរិះរកគន្លឺះ និងទ្រឹស្តីល្អៗធ្វើយ៉ាងណាឲ្យ សិក្ខាកាម ងាយយល់ពេលបញ្ចប់វគ្គ ទទួលបានលទ្ធល្អ ។ ត្រូវបន្តឆន្ទះការពាររដ្ឋធម្មនុញ្ញ ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារបូរណភាពទឹកដីការពាររាជរដ្ឋាភិបាលស្របច្បាប់ បន្តគាំទ្រ   និងចូលរួមអនុវត្តន៏គោលនយោបាយយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងចូលរួមអនុវត្តន៍វិធាននានារបស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ជម្ងឺកូវីដ ១៩ និងចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះពីគ្រឿធម្មជាតិផ្សេងៗ ។



នៅក្នុងរបាយការណ៍បើកវគ្គដែលផ្តល់ដោយ ឧត្តមសេនីយ៍ទោ ជ វណ្ណារិទ្ធ នាយសេនាធិការរង នាយការិយាល័យទី៤   កងទ័ពជើងគោក និង ឧត្តមសេនីយ៍ទោ ពេជ សំអុន នាយករងមជ្ឈំមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក បានឲ្យដឹងថា៖  វគ្គហ្វឹកហ្វឹនបំប៉នជំនាញភស្តុភារ កងទ័ពជើងគោក ឆ្នាំ២០២០ នេះ សិក្សាមានរយៈពេល ៤៥ថ្ងៃ ចាប់បើកពិថ្ងៃទី២ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ មានកម្មសិក្សាការីចូលរួមរៀនសូត្រ សរុបចំនួន ៨០នាក់ គ្រូយោធាចារ្យចំនួន ០៨នាក់  មកពីបណ្តាកងឯកភាពចំណុះកងទ័ពជើងគោក ដោយសិក្សាខ្លឹមសារមេរៀន រួមមាន៖ ជំនាញភស្តុភារ យោធារួម  និងអប់រំចិត្តសាស្ត្រ។ ចំពោះវគ្គបណ្តុះបណ្តាលនាយទាហានជាន់ខ្ពស់ ជំនាន់ទី១២ មានរយះពេល ៦ខែ ស្មើរ១៨៣ថ្ងៃ ចាប់បើកពីថ្ងៃទី១២ តុលា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ មានសិក្ខាកាមសរុបចំនួន ១០៥នាក់ មកពីអង្គភាពចំណុះកងទ័ពជើងគោក សិក្សាខ្លឹមសារមេរៀនរួមមាន ៖ យោធារួម យុទ្ធវិធីថ្មើរជើង បច្ចេកទេសថ្មើរជើង  និងអប់រំចិត្តសាស្ត្រ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner