សមត្ថកិច្ចស្រុកជ័យសែន ខេត្តព្រះវិហារ ប្រដេញស្ទាក់ចាប់រថយន្តសាំយ៉ុងមួយគ្រឿង ខណៈកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើ ចេញពីភូមិសាស្ត្រ ដែនជម្រកសត្វព្រៃ ព្រៃឡង់
ខេត្តព្រះវិហារ៖ សកម្មភាពដឹកជញ្ជូនឈើធ្វើជំនួញរបស់ក្រុមឈ្មួញ ត្រូវគេកត់សម្គាល់ឃើញថា នៅតែបន្តកើតមានជារៀងរាល់ថ្ងៃ សកម្មភាពនេះបានញ៉ាំងឲ្យអាជ្ញាធរខេត្តព្រះវិហារ ប្រញ៉ាប់ដាក់ចេញនូវបទបញ្ជា ដល់អាជ្ញាធរ និងមន្ត្រីជំនាញក្នុងមូលដ្ឋាន ត្រូវតែទទួលខុសត្រូវចំពោះការកើតឡើង នៃបទល្មើសនោះ ហើយត្រូវរួមគ្នាអនុវត្តបទបញ្ជានេះ ចុះទប់ស្កាត់ និងបង្ក្រាបឲ្យខាងតែបាន។
ក្រោយទទួលបានបទបញ្ជានោះមក កម្លាំងកងរាជអាវុធហត្ថស្រុកជ័យសែន បានសហការជាមួយមន្ត្រីព្រៃឈើមូលដ្ឋាន ប្រដេញស្ទាក់ចាប់រថយន្តសាំយ៉ុង ១គ្រឿង ដែលគេដឹងថា បានផ្ទុកឈើនៅក្នុងនោះ ហើយកម្លាំងសមត្ថកិច្ចក្របួចបាន កាលពីថ្ងៃទី៥វិច្ឆិកាឆ្នាំ២០២០ នៅក្នុងភូមិស្លែង ឃុំខ្យង ស្រុកជ័យសែន។
មន្ត្រីអនុវត្តន៍ច្បាប់ព្រៃឈើ បានប្រាប់ឲ្យដឹងថា រថយន្តដែលសមត្ថកិច្ចការប្រដេញស្ទាក់ចាប់បាននោះ ជាប្រភេទរថយន្តសាំយ៉ុង ពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ 2P-2780 រថយន្តនេះគេបានរាយការណ៍ បានដឹកឈើចេញពីក្នុងតំបន់ភូមិសាស្ត្រ ដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងគោលដៅយកទៅលក់នៅក្នុងខេត្តកំពង់ធំ។ ប៉ុន្តែ ត្រូវកម្លាំងសមត្ថកិច្ចប្រដេញស្ទាក់ចាប់បាន នៅពេលរថយន្តនោះ បើគេចចូលទៅក្នុងបរិវេណផ្ទះប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខាងលើ ចំណែក តៃកុងរថយន្តបានរត់គេចខ្លួនបាត់។
លោកបានបញ្ជាក់ថា ក្រោយការបង្ក្រាបរថយន្តដឹកឈើមួយគ្រឿងនោះ ត្រូវបាននាំយកមករក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើជ័យសែន។ រីឯឈើដែលបង្ក្រាប និងដកហូតបាននោះ ប្រភេទឈើលេខ១ កកោះ មានចំនួន ៥កំណាត់ ស្មើនឹង ១.១៧៣ម៉ែត្រគូបត្រីគុណ។ ចំពោះករណីនេះ មន្ត្រីព្រៃឈើនឹងកសាងសំណុំរឿង ចាត់ការជាបន្តតាមនីតិវិធី ៕ ដោយ៖ឡុង សំបូរ