សម្តេចតេជោដាស់តឿនមន្ត្រីធ្វើចត្តាឡីស័កត្រូវអនុវត្តតាមវិធានសុខាភិបាល
សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងដាស់តឿនមន្ត្រីដែលកំពុងធ្វើចត្តាឡីស័កត្រូវអនុវត្តតាមវិធានការសុខាភិបាល ដើម្បីការទប់ស្កាត់ការឆ្លងចូលក្នុងសហគមន៍នៃការឆ្លងកូវីដ១៩។ កម្ពុជាទើបនឹងមានការធ្វើចត្តាឡី ស័កដ៏ធំ លើកដំបូងក្រោយដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរ ទេសហុងគ្រីលោក ភីថឺ ស៊ីយ៉ាតូ កាលពីថ្ងៃទី៣វិច្ឆិកា។ រដ្ឋមន្ត្រីការបរទេសហុងគ្រីលោកភីថឺ ស៊ីយ៉ាតូ ក្រោយការចាកចេញពីកម្ពុជាបន្តដំណើរទៅកាន់ប្រទេសថៃ ត្រូវគេ រកឃើញថា លោកបានកើតជម្ងឺកូវីដ១៩ក្នុងពេលស្ថិតនៅក្នុងក្រុងបាងកង គឺមួយថ្ងៃបន្ទាប់ចាកចេញពីកម្ពុជា។ ការរកឃើញការឆ្លងជម្ងឺរាតត្បាតនេះលើរដ្ឋមន្ត្រីការបរទេសហុងគ្រី បានតម្រូវឲ្យកម្ពុជាត្រូវស្វែងរកមនុស្សជាប់ ពាក់ព័ន្ធនានា ទាំងឡាយនិងការធ្វើតេស្តលើមនុស្សទាំងនោះ ជាមួយនឹងការធ្វើចត្តាឡីស័កថែមទៀត។ ចំនួន មនុស្សដែល តម្រូវធ្វើចត្តាឡីស័កក្រោយការប៉ះពាល់ដោយផ្ទាល់និងប្រយោលជាមួយនឹងរដ្ឋមន្ត្រីការ បរទេស ហុងគ្រីដែល ឆ្លងជម្ងឺកូវីដ១៩ បានកើនដល់៨៤០នាក់ហើយក្នុងនោះរួមមានទាំងសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន, ឧបនាយក រដ្ឋមន្ត្រីប្រាក់សុខុនដែលជារដ្ឋមន្ត្រីការបរទេស និងបណ្តារដ្ឋមន្ត្រីមួយចំនួនថែមទៀត។