ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សព្វព្រះរាជហឫទ័យយាងទទួលជួបព្រះរាជសវនាការជាមួយ ឯកឧត្តម Xi JinPing ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងលោកជំទាវ Peng Liyuan នាវិមានមហាប្រជាជនចិន រដ្ឋធានីប៉េកាំង

នាវេលារសៀលថ្ងៃទី០៦ ខែវិចិ្ឆកា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចទាំងទ្វេសព្វព្រះរាជហឫទ័យយាងទទួលជួបព្រះរាជសវនាការជាមួយ ឯកឧត្តម Xi JinPing ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងលោកជំទាវ Peng Liyuan នាវិមានមហាប្រជាជនចិន រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដោយមានការយាង និងដង្ហែព្រះរាជសវនាការដោយ ព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង និងថ្នាក់ដឹកនាំកំពូលៗចិនជាច្រើនរូបផងដែរ។


ឯកឧត្តម Xi JinPing បានសង្កត់ធ្ងន់ថាយើងខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះមិត្តភាពដ៏ជ្រាលជ្រៅបំផុតជាមួយ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចម៉ែ និងសូមអរគុណចំពោះការផ្ញើសារចូលរួមរំលែកទុក្ខ និងការបរិច្ចាគដ៏សប្បុរសបន្ទាប់ពីការរីករាលដាលនៃជំងឺ COVID-19 ក្នុងប្រទេសចិន ពីសំណាក់ព្រះអង្គទាំងទ្វេ ។ ឯកឧត្តមបានបន្តថា កាលពីពេលថ្មីៗនេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងទៅទីក្រុង Yanan ក្នុងព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះអង្គ ទៅកាន់ខេត្តសានសុី ជាទីកន្លែងដែល ព្រះវររាជបិតាមាតារបស់ទ្រង់ គឺ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចព្រះមហាក្សត្រី ធ្លាប់បានយាងទៅកាលពី ៥០ ឆ្នាំមុន។ 

ឯកឧត្តមប្រធានាធិបតី បានបញ្ជាក់ថា សម្តេចព្រះមហាក្សត្រី ព្រះអង្គបានចូលរួមចំណែកយ៉ាងពិសេស និងដ៏សំខាន់បំផុត ក្នុងការលើកកម្ពស់មិត្តភាពចិន – កម្ពុជា និងការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។  ថ្ងៃនេះខ្ញុំបានថ្វាយ «មេដាយមិត្តភាព  នៃសាធារណរដ្ឋប្រជាមានិតចិន» ដល់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។ នេះមិនមែនត្រឹមតែជាការកោតសរសើរដ៏ខ្ពង់ខ្ពស់ ចំពោះការរួមចំណែកយ៉ាងពិសេស និងមានសារៈសំខាន់បំផុត ដែល សម្តេចព្រះមហាក្សត្រី បានធ្វើឱ្យមានទំនាក់ទំនងចិន – កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីលើកកម្ពស់មិត្តភាពដ៏ជ្រាលជ្រៅបំផុតរវាងប្រជាជនចិន និងកម្ពុជាផងដែរ។  យើងត្រូវតែបន្តការខិតខំដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជាឱ្យឈានដល់កម្រិតថ្មីមួយ។

ក្នុងព្រះរាជសវនការដ៏វិសេសវិសាលនោះ ព្រះករុណា ព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យមានព្រះរាជឱង្ការសំណេះសំណាលថា  ឯកឧត្តមប្រធានាធិបតី Xi JinPing និងលោកជំទាវ បានផ្តល់គ្រឿងឥស្សរិយយសដ៏ថ្លៃថ្លាដែលធ្វើឱ្យយើងរឹតតែមានអារម្មណ៍យ៉ាងជ្រាលជ្រៅបំផុត នៃមិត្តភាពដ៏ឧត្តុង្គឧត្តមរបស់ប្រជាជនចិន ចំពោះប្រជាជនកម្ពុជា។ 

ខ្ញុំទើបតែបានធ្វើទស្សនកិច្ចពិសេសមួយដើម្បីទស្សនា ខេត្តសានសុី។ ខ្ញុំសូមកោតសរសើរដោយស្មោះ នូវសមិទ្ធិផលដ៏អស្ចារ្យដែលប្រជាជនចិនសម្រេចបាន ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ក្នុងការអភិឌ្ឍន៍ និងកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ។  ខ្ញុំនិងបន្តការសហការជាមួយ ឯកឧត្តមប្រធានាធិបតី Xi JinPing ដើម្បីទទួលមរតកដ៏វិសេសវិសាល និងបន្តនូវចំណងមិត្តភាពដ៏ជ្រាលជ្រៅ រវាងមេដឹកនាំជំនាន់ចាស់នៃប្រទេសទាំងពីរ និងសរសេរជំពូកថ្មីនៃកិច្ចសហប្រតិបត្តិការមិត្តភាពកម្ពុជា – ចិន។  ខ្ញុំសូមជូនពរដោយស្មោះដល់ប្រទេសចិន ឲ្យទទួលបានការអភិវឌ្ឍថ្មីៗ និងកាន់តែប្រសើរក្រោមការដឹកនាំរបស់ ឯកឧត្តមប្រធានាធិបតី។

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ មានព្រះរាជសវនីយ៍ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនោះថា សម្តេចព្រះនរោត្តម សីហនុ និងខ្ញុំ គឺជាមិត្តចាស់ និងជាមិត្តល្អរបស់ប្រជាជនចិន។  ក្នុងរយៈពេល ៦០ ឆ្នាំកន្លងមកនេះ ខ្ញុំបានធ្វើទស្សនកិច្ចនៅប្រទេសចិនជាច្រើនដង ហើយរាល់ពេលខ្ញុំតែងតែទទួលអារម្មណ៍យ៉ាងជ្រាលជ្រៅអំពីការអភិវឌ្ឍ និងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងប្រទេសចិន។ ការដែរ ឯកឧត្តមប្រធានាធិបតី បានថ្វាយមកខ្ញុំនូវ «មេដាយមិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» នៅពេលនេះ ពិតជាធ្វើឲ្យខ្ញុំរំជួលចិត្តយ៉ាងខ្លាំង។  ខ្ញុំនឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីរឹតចំណងមិត្តភាពកម្ពុជា – ចិន ឲ្យកាន់តែល្អប្រសើរ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner