លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្វាយសារលិខិត ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ដែលទទួលបានគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត សម្រាប់ឥស្សរជនឆ្នើមបរទេសដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការធ្វើទំនើបភាវូបនីយកម្មសង្គម​និយមចិន

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅយប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានថ្វាយសារលិខិត ថ្វាយព្រះពរ ដល់អង្គ​សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាស ទ្រង់បានទទួលគ្រឿងឥស្សរិយយស « មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ដែលជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត សម្រាប់ឥស្សរជន​ឆ្នើមបរទេស​ដែលបាន​ចូលរួមចំណែកយ៉ាងសកម្មក្នុងការធ្វើទំនើបភាវូបនីយកម្មសង្គមនិយមចិន ការជំរុញការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការ​រវាងចិន និងបណ្តាប្រទេសបរទេស និងការពារសន្តិភាពពិភពលោក។ គ្រឿងឥស្សរិយយសនេះ រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន បានសម្រេចថ្វាយ ព្រះរាជពិធីថ្វាយគ្រឿងឥស្សរិយយសជាផ្លូវការ នាវិមានមហាប្រជាជនចិន ដោយឯកឧត្តមប្រធានាធិបតី Xi JinPing  ដើម្បីជាកិច្ចថ្វាយនូវការដឹងគុណ ក្នុងការចូលរួមចំណែកដ៏ធំធេង នៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះចំណងមិត្តភាព កម្ពុជា-ចិន។

ក្នុងសារលិខិត ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសម្តែង នូវកត្តញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជគុណូបការៈរបស់ សម្តេចព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ដើម្បីបុព្វហេតុជាតិមាតុភូមិ ហើយជានិច្ចជាកាលព្រះអង្គតែងមានព្រះព្រហ្មវិហារធម៌ ព្រះទ័យជ្រះថ្លា ក្នុងព្រះរាជសកម្មភាព សង្គមកិច្ច មនុស្សធម៌ វប្បធម៌ សាសនា និងសេចក្តីសុខក្សេមក្សាន្ត ជូនប្រជារាស្ត្រខ្មែរទូទាំងប្រទេស។

តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតលំឱនកាយសម្តែងអំណរសាទរ និងសូមគោរពថ្វាយព្រះពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គទ្រង់មានព្រះកាយពលមាំមួន ព្រះបញ្ញាណភ្លឺថ្លា ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្រ្តទូទាំងប្រទេសជានិច្ចនិរន្តរ៍តរៀងទៅ។

ជាថ្មីម្តងទៀត ទូលព្រះបង្គំយើងខ្ញុំសូមលើកហត្ថបួងសួងដល់គុណបុណ្យបារមី ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆ័ត្រ ព្រមទាំងគុណបុណ្យបារមី នៃដួងព្រះវិញ្ញាក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមតាមជួយអភិបាលគ្រងរក្សាប្រោះព្រំ សព្ទសារធុការពរ បវរសួស្តី វិបុលសុខ បវរមហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងព្រះញាតិវង្សានុវង្ស សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner