ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងសម្ដេចតេជោ ហ៊ុន សែន ជួបសំណេះសំណាល និងចែកពូជស្រូវជូនពលរដ្ឋជិត២ម៉ឺនគ្រួសារ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ នៅខេត្តពោធិ៍សាត់
ពោធ៌សាត់៖ ដើម្បីស្តារឡើងវិញចំពោះដំណាំស្រូវប្រជាកសិករនៅក្នុងក្រុង និងស្រុកមួយចំនួននៃខេត្តពោធិ៍សាត់ ដែលរងផលប៉ះពាល់ និងខូចខាតដោយសារជំនាន់ទឹកភ្លៀងកន្លងមកនោះ, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ស្រូវពូជប្រមាណជាង ១ពាន់ ៧០០តោន សម្រាប់ចែកជូនប្រជាកសិករធ្វើស្រែឡើងវិញបន្ទាប់ពីទឹកជំនន់ស្រកអស់ ។
ពិធីចែកស្រូវពូជនេះ បានធ្វើឡើងក្នុងបរិវេណពហុកីឡាដ្ឋានបាល់ទាត់ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានប្រជាកសិករមកទទួលយកជាង ១៣.០០០នាក់ ក្រោមអធិបតីភាពឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពស់ខ្ពង់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា។
ឯកឧត្ដម ចេង ឡៃ អភិបាលរងខេត្តពោធិ៍សាត់ បានឲ្យដឹងទឹកជំនន់ឲ្យប៉ះពាល់ក្រុង និងស្រុកទូទាំងខេត្តដែលមានប្រជាពលរដ្ឋជាង ២ម៉ឺន ៩ពាន់គ្រួសារ រងផលប៉ះពាល់ក្នុងនោះស្លាប់ ៦នាក់ (ស្រី៣នាក់)។ ចំពោះផ្ទៃដីដំណាំស្រូវ ប៉ះពាល់ជាង ៣ម៉ឺន ៦ពាន់ហិកតា ក្នុងនោះខូចខាតជាង ២ម៉ឺន៤រយហិកតា និងសង្រ្គោះបានជាង១ពាន់ហិកតា។ ចំពោះដំណាំស្រូវប៉ះពាល់ ដែលមានលទ្ធភាពស្តារឡើងវិញលើផ្ទៃដីជាង ១ម៉ឺន៤ពាន់៥រយហិកតា។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេចតេជោ មិនបានមកផ្ទាល់ក៏ដោយ ក៏សម្តេច តែងតែយកចិត្តទុក្ខគ្រប់ពេលវេលាអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេស នៅពេលបងប្អូនជួបការលំបាកជាដើម ។
សូមបញ្ជាក់ថា ប្រជាកសិករ ដែលបានមកចូលរួមទទួលស្រូវពូជ ម្នាក់ៗទទួលបានស្រូវពូជ ១០០គ.ក ក្នុងនោះមានស្រូវសែន ក្រអូប ស្រូវពូជ (OM ៥៤.៥១) ស្បៀង និងគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាចំនួន ៥ម៉ឺនរៀលផងដែរ ៕