ឯកឧត្តម សាយ សំអាល់ ដឹកនាំប្រតិភូក្រសួងបរិស្ថានដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងព្រះបរមរូប ព្រះករុណា ព្រះបរមរតនកោដ្ឋ
មួយថ្ងៃមុនការរប្រារព្ធខួបលើកទី៦៧ឆ្នាំ នៃបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា (៩វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០២០) នៅរសៀលថ្ងៃអាទិត្យ ៨រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានដឹកនាំប្រតិភូក្រសួងបរិស្ថាន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី វីរបុរស អ្នកស្នេហាជាតិ ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា នៅវិមានឯករាជ្យ និងព្រះបរមរូប នៃព្រះករុណា ព្រះបរមរតនកោដ្ឋ។
គួររបញ្ជាក់ឲ្យដឹងថា បុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ឆ្នាំ២០២០នេះ ត្រូវបានប្រារព្ធឡើងស្របគ្នាទៅនឹងថ្ងៃកំណើតលើកទី៦៧ នៃកងយោពលខេមរភូមិន្ទ ផងដែរ។ នៅថ្ងៃទី៩ វិច្ឆិកានេះ កម្ពុជានឹងប្រារព្ធបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
សូមរម្លឹកឲ្យដឹងថា បុណ្យឯករាជ្យជាតិ ៩វិច្ឆិកា គឺជាការរម្លឹកឲ្យឃើញអំពីព្រះរាជបេសសកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ក្នុងការទាមទារឯករាជ្យឲ្យប្រទេសកម្ពុជា រួចចាកផុតពីអាណានិគមនិយមបារាំង៕