ឯកឧត្ដម ម៉ម ប៊ុនហេង៖ រាជរដ្ឋាភិបាលសម្រេចបិទ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរនៅទូទាំងប្រទេស ដើម្បីការពាការរីករាលដាលជំងឺកូវីដ-១៩
ភ្នំពេញ៖ តាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឱ្យដឹងនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរ នៅទូទាំងប្រទេស ដើម្បីការពារការរីករាលដាលជំងឺកូវីដ-១៩។
លិខិតរបស់ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រសួងសុខាភិបាល សូមជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងទេសចរណ៍ លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម លោកជំទាវ អភិបាលនៃ គណៈអភិបាលរាជធានី-ខេត្ត មេត្តាជ្រាបថា ដោយបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្ដេចតេជោនាយករដ្ឋមន្ត្រី សូមបិទ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរ នៅទូទាំងប្រទេស ដោយអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះ តទៅ រហូតដល់មានការជូនដំណឹងជាថ្មី។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានស្នើឲ្យរដ្ឋមន្ត្រី និងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ចាត់ចែងអនុវត្តទៅតាមសមត្ថកិច្ចរបស់ខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់ ៕