រថយន្តមួយគ្រឿងឆ្លងផ្លូវទៅបុកម៉ូតូមួយគ្រឿងទៀតពេញទំហឹងបណ្ដាលឲ្យប្រុសស្រី២នាក់ រងរបួសធ្ងន់ស្រាល
ភ្នំពេញ៖ ជនជាតិចិនម្នាក់រួមដំណើរ និងជនជាតិចិនម្នាក់ទៀតបើករថយន្តស៊េរីទំនើប KIAមួយគ្រឿងឆ្លងផ្លូវទៅបុកនឹងម៉ូតូMSXមួយគ្រឿងជិះដោយប្រុសស្រី២នាក់ពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ស្រាល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១ យប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅខាងកើតរង្វង់មូលចមចៅប្រមាណជាង ១០០ ម៉ែត្រតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិន ពីរនាក់បើករថយន្តស៊េរីទំនើបម៉ាកKIAមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AW-8228ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើកែងនឹងផ្លូវសហព័ន្ធរុស្ស៊ីជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកMSXពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1HP-0107 ជិះដោយបុរសម្នាក់ និងស្ត្រីម្នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិចពេញទំហឹងបណ្ដាលឲ្យខ្ទាតម៉ូតូជាច្រើនម៉ែត្រ ចំណែកជនរងគ្រោះផ្លោងបោកនឹងថ្នល់បណ្ដាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់ចំណែកបុរសម្នាក់ទៀតរងរបួសស្រាល។ភ្លាមៗនោះរថយន្តសង្គ្រោះបន្ទាន់បានមកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជាង១ម៉ោង ទើបខាងភាគីរថយន្តបានចេញសំណងទៅឲ្យខាងភាគីម៉ូតូដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ៖ ជីម ភារ៉ា