ឯកឧត្តម ងិន ឃន បានជម្រុញឲ្យថ្នាក់ដឹកនាំគ្រប់ថ្នាក់នៅតាមបក្សមូលដ្ឋានសង្កាត់ទាំង១០ ឲ្យធ្វើការប្រឡងប្រណាំងគ្នានិងត្រូវបន្តចុះធ្វើបច្ចុប្បន្នភាពតាមខ្នងផ្ទះ ដើម្បីកសាងនូវកម្លាំងបក្សចាស់ និង បង្កើនសមាជិកថ្មីបន្ថែមទៀត
ឯកឧត្តម ងិន ឃន ប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋានបក្សក្រុងបាត់ដំបង បានថ្លែងជម្រុញដល់គ្រប់បក្សមូលដ្ឋានត្រូវបន្តនូវផែនការសកម្មភាពក្នុងការអនុវត្តនៃកម្មវិធីនយោបាយនិង គោលនយោបាយរបស់គណបក្សនិងការដាក់ចេញនូវផែនការយុទ្ធសាស្ត្រប្រៀបឈ្នះ ដែលក្រុមការងារ នៃ
គណៈពង្រឹងមូលដ្ឋានគ្រប់ថ្នាក់ ក្នុងក្រុងបាត់ដំបងបានដាក់ចេញកន្លងមក ដើម្បីយកទៅអនុវត្តជាក់ស្តែង ដែលក្នុងនោះរួមមាន ការបន្តចុះធ្វើបញ្ជីបច្ចុប្បន្នភាពសមាជិកបក្ស គ្រួសារបក្ស និងសមាជិកបក្សដទៃដែលបានមកចូលរួមដោយស្មោះត្រង់ជាមួយជីវភាពនយោបាយរបស់គណបក្សប្រជាជន។
រួមនិងផែនការកសាងសមាជិកថ្មីរបស់គណបក្សក្នុងមូលដ្ឋានខ្លួន ដើម្បីឈានឆ្ពោះដល់ការប្រឡងប្រណាំង ក្នុងបក្សមូលដ្ឋានសង្កាត់ទាំង១០ ផងដែរ។
ការលើកឡើងរបស់ឯកឧត្តមប្រធានក្រុមការងារនៃគណៈពង្រឹងមូលដ្ឋានក្រុងបាត់ដំបងនេះ គឺក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារនិងពិនិត្យមើលអំពីវឌ្ឍនភាពការងាររបស់គណបក្សក្រុងក្នុងខែ
តុលាឆ្នាំ២០២០និងលើកទិសដៅផែនការសកម្មភាពសម្រាប់អនុវត្តបន្តខាងមុខទៀត។ ក្នុងកិច្ចប្រជុំនេះ ក៏មានវត្តមាន ឯកឧត្តម អនុប្រធានក្រុមការងារចុះជួយក្រុង ឯកឧត្តម លោកជំទាវ ដែលជាប្រធាន-អនុប្រធានក្រុមការងារគណបក្សចុះពង្រឹងមូលដ្ឋានបណ្តាសង្កាត់ទាំង១០ និងថ្នាក់ដឹកនាំបក្សសមាជិកបក្សមូលដ្ឋាននៃសង្កាត់១០ យុវជន និងជនសកម្មរបស់គណបក្សតាមបណ្តាមូលដ្ឋានទាំងនោះផងដែរ នៅរសៀលថ្ងៃទី០៨ខែវិច្ឆិកាឆ្នាំ២០២០សប្តាហ៍នេះ។
ឯកឧត្តម ងិន ឃន ប្រធានគណៈពង្រឹងមូលដ្ឋានបក្សក្រុងបាត់ដំបង ក៏បានដាក់ចេញ នូវ ផែនការពង្រឹងការងារដល់បក្សមូលដ្ឋានគ្រប់ថ្នាក់នៃសង្កាត់ទាំង១០ក្នុងក្រុងបាត់ដំបង ដោយធ្វើការណែនាំក្រើនរំលឹកមេបក្សភូមិ-សង្កាត់ឲ្យបន្តភាពសកម្មចូលកៀកកិតជាមួយបងប្អូនប្រជាពលរដ្ឋ ជាសមាជិកបក្សគណបក្សប្រជាជននិងជម្រុញនូវការកសាងកម្លាំងថ្មីជាកូនចៅរបស់សមាជិកគណបក្សប្រជាជនដែលទើបគ្រប់អាយុសំរាប់ការបោះឆ្នោតពេលខាងមុខ។ជាពិសេសក៏ត្រូវផ្តោតការចុះចលនា នូវមាជិកគណបក្សដទៃ និង បងប្អូនដែលនៅមិនទាន់ជ្រើសយកគណបក្សណាមួយនៅឡើយនោះដើម្បីជម្រុញឲ្យពួកគេបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនយើង ដើម្បីឆ្ពោះទៅដណ្តើមប្រៀបឈ្នះនូវក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០២២ ខាងមុខនេះ។
តាមរយៈរបាយការណ៍អំពីវឌ្ឍនភាពនៃសកម្មភាពការងាររបស់គណបក្សប្រជាជនកម្ពុជាក្រុងបាត់ដំបង របស់ លោក ផេង សិទ្ធី ប្រធានគណបក្សក្រុង បានរំលេចឲ្យដឹងថាៈប្រជាពលរដ្ឋទូទៅដែលបានទៅចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០សរុបចំនួន៣.៧៨៧នាក់។លុបឈ្មោះចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០១៩ និងផ្ទេរចេញពីសង្កាត់ សរុប១.៦៥២នាក់ និងកែតម្រូវទិន្នន័យ ចំនួន ៧១០នាក់។ ក្នុងនោះ សមាជិកគណបក្ស ដែលបានទៅចុះឈ្មោះបោះឆ្នោតនៅក្នុងឆ្នាំ២០២០ សរុបចំនួន៣.១៨៦នាក់ (ស្រី១.៦៥២នាក់)និងបានលុបឈ្មោះ(ស្លាប់ផ្ទេរ ចេញ)ចំនួន ៦៤៧នាក់(ស្រី២៨៧នាក់) និងកែតម្រូវទិន្នន័យ ចំនួន ៤៦៤នាក់។
លោកប្រធានគណបក្សក្រុងបាត់ដំបង ក៏បានឲ្យដឹងទៀតថា៖សម្រាប់ទិសដៅអនុវត្តបន្ត គឺបន្តជម្រុញធ្វើការងារបច្ចុប្បន្នភាពសមាជិកគណបក្សឲ្យចប់រួចរាល់ក្នុងខែធ្នូឆ្នាំ២០២០នេះ។ និងបន្តចុះជួយដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹងនិងបន្តនូវវិធានការណែនាំរបស់ក្រសួងសុខាភិបាលពីការការពារជម្ងឺកូវីដ-១៩និងក្នុងការពង្រឹងនូវការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម ក្នុងការអនុវត្ត នូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ព្រមទាំងបន្តខិតខំជម្រុញការកសាងបក្សឲ្យឆ្លើយតបស្របនិងផែនការសកម្មភាពការងារដាក់ចុះ របស់ ឯកឧត្តមប្រធានគណៈពង្រឹងបក្សមូលដ្ឋានក្រុងបាត់ដំបង។
ឯកឧត្តម ងិន ឃន ប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋានក្រុងបាត់ដំបង ក៏បានថ្លែងជម្រុញដល់គ្រប់មេបក្សមូលដ្ឋានត្រូវបន្តនូវផែនការសកម្មភាពនៃកម្មវិធីនយោបាយ គោលនយោបាយរបស់គណបក្ស និងពីក្រុមការងារគណៈពង្រឹងមូលដ្ឋានគ្រប់ថ្នាក់បានដាក់ចេញ ដើម្បីយកទៅអនុវត្តជាក់ស្តែងឲ្យបានទទួលនូវលទ្ធផលជោគជ័យនិងដើម្បីឈានឆ្ពោះទៅកាន់សម្និបាតបូកសរុបសមិទ្ធផលប្រចាំឆ្នាំនិងលទ្ធផលការងារគណបក្សក្រុងបាត់ដំបង ដែលសម្រេចបានកន្លងមកដែលគ្រោងធ្វើនៅដើមឆ្នាំ២០២១ខាងមុខ។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ងិន ឃន ក៏បានផ្តល់នូវថវិការង្វាន់
និងឧបត្ម្ភដល់សង្កាត់ជ័យលាភីចំនួន២ រួមមាន៖សង្កាត់ចម្ការសំរោង និង សង្កាត់ព្រែកព្រះស្តេច។ផ្តល់រង្វាន់លើកទឹកចិត្តដល់សង្កាត់ ចំនួន៣ ក្នុងនោះមាន៖ សង្កាត់ស្វាយប៉ោ, សង្កាត់អូរចារ និងសង្កាត់ស្លាកែត។ព្រមទាំងឧបត្ថម្ភដល់សង្កាត់ទាំង១០ផងដែរ ដោយចំណាយថវិកាសរុបជិត៤លានរៀល៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )