តើ ចូ បៃឌិននឹងអង្គុយជជែកផ្ទាល់ជាមួយ គីម ជុងអ៊ុន ដូចដូណាល់ ត្រាំទេ?
មកទល់ពេលនេះ ពុំទាន់មានការចេញផ្សាយពីប្រតិកម្មរបស់កូរ៉េខាងជើង លើជ័យជំនះរបស់លោក ចូ បៃឌិន ដែលទើបបានជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកថ្មីនៅឡើយទេ ខណៈដែលកូរ៉េខាងត្បូងនិងបណ្តាមេដឹកនាំប្រទេសមួយចំនួនទៀតបានផ្ញើសារអបអរសាទររួចហើយនោះ។ ចម្ងល់សួរថាតើ លោកប្រធានាធិបតីទី៤៦របស់អាមេរិករូបនេះអាចអង្គុយជជែកទល់មុខជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ចរចារកដំណោះស្រាយបញ្ហាអាវុធនុយក្លេអ៊ែរ ដូចពេលលោកត្រាំជួបផ្ទាល់បានទេ?
ដោយគេចាំបានថា លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាមេរិកទើបចាញ់ឆ្នោតបានបង្កើតព្រឹត្តិការណ៍ជាប្រវត្ថិសាស្ត្រមួយ ក្នុងពិភពលោក ក្នុងនោះ លោកបានជួបផ្ទាល់ជាមួយមេដឹកនាំកូរ៉េខាងជើង ចរចាលើបញ្ហាឧបទ្វីបកូរ៉េ ចំនួនដល់ទៅ៣ដង បើទោះបីជាជំនួបទាំងនោះ ពុំមានលទ្ធផលអ្វីល្អប្រសើរជាដុំកំភួនក៏ដោយចុះ។
សូមរម្លឹកដែរថា ក្នុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត បេក្ខជន ចូ បៃឌិនធ្លាប់បានហៅ លោក គីមថា ជាឧក្រិដ្ឋជន និងជនផ្តាច់ការ ហើយបានរិះគន់លោកត្រាំទៀតផង ក្នុងការជួបជាមួយលោកគីមនោះ។ តែលោកចូ បៃឌិន ក៏ធ្លាប់បង្ហើបថា លោកក៏ចង់ជួបមេដឹកនាំកូរ៉េខាងជើងរូបនេះដែរ ប៉ុន្តែលក្ខខណ្ឌគឺថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងត្រូវធ្វើឲ្យតំបន់ឧបទ្វីបកូរ៉េក្លាយជាតំបន់គ្មាននុយក្លេអ៊ែរសិន។
ផ្ទុយខុសពីលោកចូ បៃឌិន នោះ លោកដូណាល់ ត្រាំធ្លាប់បានហៅលោកគីម ជុងអ៊ុនថា ស្រលាញ់ ទៅវិញ។ លោក ចូ បៃឌិន កាលពីជំនាន់លោកធ្វើជាអនុប្រធានាធិបតីអាមេរិក ក្រោមអាណត្តិលោក បារ៉ាក់ អូបាម៉ា ធ្លាប់បានកូរ៉េខាងជើងរិះគន់យ៉ាងចាស់ដែរ ដូច្នេះថាតើ ជំនួបលើកទី៤រវាងមេដឹកនាំ អាមេរិកនិងកូរ៉េខាងជើង ឬជំនួប បៃឌិន-គីម អាចកើតឡើងទៀតទេ?
