ក្រុមនារីខេត្តស្វាយរៀង យកឈ្នះ ក្រុមនារីបឹងកេត ១០ទល់នឹង០ ខណៈក្រុមនារីខេត្តកំពង់ស្ពឺ ណាហ្គាវើល៍ ចាញ់ជាលើកដំបូង ក្នុងសប្តាហ៍ទី៦ នៃការប្រកួតបាល់ទាត់ជម្រើសជើងឯកនារី ឆ្នាំ២០២០
ការប្រកួតបាល់ទាត់ជម្រើសជើងឯកនារី ប្រចាំឆ្នាំ២០២០ ឈានដល់សប្តាហ៍ទី៦ ថ្ងៃទី៩ខែវិច្ឆិកា ក្រុមនារីខេត្តស្វាយរៀង បានយកឈ្នះក្រុមនារីបឹងកេត ក្នុងលទ្ធផល ១០ទល់នឹង០ ខណៈក្រុមនារីខេត្តកំពង់ស្ពឺ ណាហ្គាវើល៍ បរាជ័យជាលើកដំបូង ក្រោមថ្វៃជើងក្រុមនារីភ្នំពេញក្រោន ក្នុងលទ្ធផល ០ទល់នឹង១ ។ ចំណែក៣ប្រកួតផ្សេងទៀត ក្រុមនារីកងយុទ្ធពលខេមរភូមិន្ទ ចាញ់ក្រុមនារីសៀមរាប ០ទល់នឹង៤ , ក្រុមនារីបាត់ដំបង យកឈ្នះក្រុមនារីខេត្តកណ្តាល ៥ទល់នឹង០ , ក្រុមនារីខេត្តកំពង់ឆ្នាំង យកឈ្នះក្រុមនារីខេត្តកំពង់ធំ ៨ទល់នឹង០ ។

គូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រុមនារីខេត្តកំពង់ស្ពឺ ណាហ្គាវើល៍ បន្តស្ថិតនៅកំពូលតារាង បណ្តោះអាសន្ន ឆ្លងកាត់៦ប្រកួត ឈ្នះ៥ប្រកួត ចាញ់១ប្រកួត មាន១៥ពិន្ទុ លេខ២ក្រុមនារីភ្នំពេញក្រោន ឆ្លងកាត់៦ប្រកួត ឈ្នះ៤ប្រកួត ស្មើ២ប្រកួត មាន១៤ពិន្ទុ លេខក្រុមនារីបាត់ដំបង ឆ្លងកាត់៦ប្រកួត ឈ្នះ៤ប្រកួត ស្មើ១ប្រកួត ចាញ់១ប្រកួត មាន១៣ពិន្ទុ ។

សូមបញ្ជាក់ថា ស្ថានីយ៍ទូរទស្សន៍ អប្សរា ប៉ុស្ត៍លេខ១១ បានសហការជាមួយសហព័ន្ធកីឡាបាល់ទាត់ កម្ពុជា ធ្វើការផ្សាយផ្ទាល់រួមជាមួយ Page Apsara TV News , Page Apsara Central , Page AMS Sports , Page សហព័ន្ធកីឡាបាល់ទាត់កម្ពុជា , Page បាល់ទាត់នារី និង Page លីគទី២ផងដែរ ដោយការប្រកួតបាល់ទាត់លីគ២កម្ពុជាល់នឹងធ្វើការផ្សាយផ្ទាល់រៀងរាល់ថ្ងៃសៅរ៍ ចំណែកការប្រកួតជម្រើសជើងឯកបាល់ទាត់នារី នឹងធ្វើការផ្សាយផ្ទាល់រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីវេលាម៉ោង ១៥:០០ នាទីរសៀលតទៅ ៕
