សែលកាតបង្ហាញគម្រោងពីការនាំយកបច្ចេកវិទ្យា 5G មកកម្ពុជា

ដោយ៖ម៉ាដេប៉ូ

រាជធានីភ្នំពេញ៖ក្រុមហ៊ុនសែលកាតបានបង្ហាញពីគម្រោងក្នុងការនាំយកនូវបច្ចេកវិទ្យា 5G និងការបង្កើនសេវាគ្របដណ្ដប់ និងសមត្ថភាពបច្ចេកវិទ្យា 4G នៅទូទាំងប្រទេសកម្ពុជា។

ការបង្ហាញពីគម្រោងនាំយកបច្ចេកវិទ្យា 5G មកកម្ពុជារបស់សែលកាត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប នេះបានធ្វើឡើងក្នុងពេលដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement) ដ៏សំខាន់មួយ ជាមួយនឹងក្រុមហ៊ុនសាជីវកម្ម ZTEនាថ្ងៃទី១១ខែវិច្ឆិកានេះ។

ពិធីចុះ ហត្ថលេខា រវាងក្រុមហ៊ុនយក្សទាំងពីរនេះធ្វើឡើងដោយមានតំណាងអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោក សុង ចូវុន (Song Chaojun) នាយកគ្រប់គ្រងផ្នែកវិស្វកម្ម និងសេវាកម្មប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុន ZTE ។

ក្រុមហ៊ុនសែលកាតបានឱ្យដឹងថា កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងស្របគ្នានឹងកាលៈទេសៈដ៏សំខាន់សម្រាប់ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលកំពុងដាក់ចេញនូវផែនការជាផ្លូវការក្នុងការនាំយកនូវបច្ចេកវិទ្យា 5G ក៏ដូចជាការបង្កើននូវសេវាគ្របដណ្ដប់ និងគុណភាពរបស់បច្ចេកវិទ្យា 4G LTE។ កិច្ចព្រមព្រៀងនេះ នឹងនាំមកនូវការវិនិយោគហិរញ្ញវត្ថុដ៏សំខាន់ ដែលនឹងជួយឱ្យកម្ពុជាក្លាយជាប្រទេសឈានមុខគេមួយនៅក្នុងតំបន់ ទៅលើការប្រើប្រាស់បច្ចេកវិទ្យា 5G ។

ក្នុងពិធីនេះអ្នកឧកញ៉ាគិតម៉េងបានបញ្ជាក់ពីការគាំទ្រផ្ទាល់ទៅលើគម្រោងរបស់រាជរដ្ឋាភិបាលសម្រាប់ឧស្សាហកម្ម ៤.០ ពោលគឺគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ និងផលិតផលក្នុងស្រុកសរុប ហើយក្នុងនោះក៏ជួយជម្រុញឱ្យពលរដ្ឋកម្ពុជាទទួលបាននូវអត្ថប្រយោជន៍ពីការរស់នៅក្នុងសម័យឌីជីថលផងដែរ។

យុទ្ធសាស្រ្តនេះ នឹងនាំឱ្យមានការផ្លាស់ប្តូរទាំងស្រុងនៃវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា ព្រោះថាតួនាទីនៃការតភ្ជាប់ ទិន្នន័យ មាតិកា និងសន្តិសុខ នៅក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្សយើង នឹងត្រូវបានផ្លាស់ប្តូរ ស្របនឹងវត្តមានមកដល់នៃបច្ចេកវិទ្យា 5G និងការគាំទ្រយ៉ាងទូលំទូលាយនៃបច្ចេកវិទ្យាដូចជា IoT, Big Data, AI និង VR / AR ជាដើម។

អ្នកឧកញ៉ា គិត ម៉េង បានឱ្យដឹងបន្ថែមថា ក្រុមហ៊ុនសែលកាត រួមជាមួយនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធផ្នែកICT របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបដទៃទៀត នឹងធានាឱ្យបានថា វត្តមាននៃបច្ចេកវិទ្យា 5G នៅក្នុងប្រទេសកម្ពុជា នឹងនាំមកគុណប្រយោជន៍យ៉ាងធំធេងដល់ផ្នែកមនុស្សធម៌ ដើម្បីលើកកម្ពស់ផ្នែកសេវាសុខភាព ការអប់រំ និងសន្តិសុខសម្រាប់ពលរដ្ឋគ្រប់រូប ក៏ដូចជាជួយជម្រុញឱ្យវិស័យសេដ្ឋកិច្ចកម្ពុជាផងដែរ៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner