ពិព័រណ៍ការងារឆ្នាំនេះនៅបន្តធ្វើប៉ុន្តែតាមប្រព័ន្ធអនឡាញដោយពុំមានការជួបជុំនៅទីតាំងបង្ហាញផ្ទាល់ទេ
ដោយ៖ម៉ាដេប៉ូ
រាជធានីភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានជូនដំណឹងជម្រាបជូនដល់ក្រសួង ស្ថាប័ន និយោជក អ្នកផ្តល់ការអប់រំ បណ្តុះបណ្តាល អ្នកស្វែងរកការងារ សិស្ស-និស្សិត និងសាធារណជនមេត្តាជ្រាបថា”ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២០” ដែលគ្រោងរៀបចំតាមអនឡាញនិងជួបផ្ទាល់ រយៈពេល ២ថ្ងៃ ចាប់ថ្ងៃទី១៤ដល់ ថ្ងៃទី១៥ ខែវិច្ឆិកាខាងមុខ ត្រូវបានកែសម្រួល។
បើតាមគណីយហ្វេសប៊ុករបស់ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងនៅ ថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២០នេះថាកម្មវិធីគ្រោងរៀបចំតាមអនឡាញនិងជួបផ្ទាល់ រយៈពេល ២ថ្ងៃ ចាប់ថ្ងៃទី១៤ដល់ ថ្ងៃទី១៥ ខែវិច្ឆិកាខាងមុខ ត្រូវបានកែសម្រួលដូចខាងក្រោម៖
– រក្សាទុកការប្រារព្វកម្មវិធីអនឡាញតាមរយៈគេហទំព័រ www.careerfair.nea.gov.kh តាមកាលបរិច្ឆេទខាងលើ។ពន្យាពេលការតាំងបង្ហាញ និងជួបផ្ទាល់របស់និយោជកនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទៅពេលវេលាសមស្របរហូតដល់មានការជូនដំណឹងជាថ្មី។
ការកែសម្រួលនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីចៀសវាងការជួបជុំគ្នា រក្សាគម្លាតសង្គម និងចូលរួមបង្ការទប់ស្កាត់ករណីរីករាលដាលថ្មីនៃជំងឺឆ្លងកូវីដ-១៩។
សម្រាប់ព័ត៌មានពិស្ដារអំពីកម្មវិធីពិព័រណ៍ការងារអនឡាញ សូមទំនាក់ទំនងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទូរស័ព្ទលេខ ០១៧ ៨៧១ ៨០៧៕