ព្រះមហាក្សត្រយាងពន្លត់ទៀនជ័យ ក្រោយអុជបំភ្លឺរយៈពេល៣ថ្ងៃ នៃពិធីបុណ្យឯករាជ្យជាតិលើកទី៦៧

ភ្នំពេញ៖ ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងពន្លត់ទៀនជ័យ ដើម្បីបញ្ចប់ពិធីបុណ្យរំឮកទិវាឯករាជ្យជាតិលើកទី៦៧ ដែលបានដុតបំភ្លឺអស់រយៈពេល៣ថ្ងៃ នៅវិមានឯករាជ្យ ចាប់តាំងពីថ្ងៃទី៩ ខែវិច្ឆិកា កន្លងទៅ។
នៅក្នុងពិធីពន្លត់ទៀនជ័យនៃទិវាបុណ្យឯករាជ្យជាតិ នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មានការយាងនិងអញ្ជើញចូលរួមពី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំនៃស្ថាប័នកំពូលរបស់ជាតិ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការគ្រប់ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ អង្គទូតប្រចាំនៅកម្ពុជា លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
កម្ពុជាបានទទួលឯករាជ្យកាលពីថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ចាប់ពីពេលនោះមក កម្ពុជាបានរៀបចំទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា ជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសដល់ព្រះរាជបូជនីយកិច្ចរបស់ព្រះបរមរតនកោដ្ឋ សម្តេច ព្រះនរោត្តម សីហនុ ដែលទ្រង់បានតស៊ូទាមទារឯករាជ្យពីអាណានិគមបារាំង៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner