បុរសម្នាក់ជិះម៉ូតូរអិលដីខ្សាច់ដួលត្រូវរថយន្តមកពីក្រោយកិនស្លាប់នៅនឹងកន្លែង
ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន រអិលដីខ្សាច់បណ្តាលឲ្យដួលនៅមុខរថយន្ត ធុនធំកិនបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។ ហេតុការណ៍នេះ បានកេីតឡេីងនៅវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយមហាវិថីវិមានឈ្នះ ឈ្នះ ក្នុងសង្កាត់គោករការខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ជនរងគ្រោះដែលស្លាប់មានឈ្មោះ ហេង វិបុល អាយុ២៨ឆ្នាំ មានស្រុកកំណេីត នៅភូមិអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពងឆ្នាំង។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកេីតហេតុ គេឃេីញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GA-2754 ធ្វើដំណើតាមបណ្តោយមហាវិថី ឈ្នះឈ្នះ ក្នុងទិសដៅពីកេីតទៅលិច ក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចកេីតហេតុខាងលើក៏រអិលដីខ្សាច់បណ្ដាលឲ្យដួលបោកទៅនឹងថ្នល់ ស្របពេលជនរងគ្រោះដួល ក៏មានរថយន្តធុនធំដឹកដីមួយគ្រឿងមិនចាំម៉ាក និងមិនចាំស្លាក់លេខ បើកស្រប់ទិសគ្នាមកពីក្រោយកិនចំក្បាល បណ្ដាលឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ តែម្តង។ ចំណែកឯរថយន្តក៏បន្តដំណេីរទៅមុខទៀតគេចខ្លួនបាត់។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុ រួមទាំងកម្លាំងសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុក និងទំនាក់ទំនងទៅសាច់ញាតិមកទទួលយកសពទៅធ្វេីបុណ្យតាមប្រពៃណី៕