សម្ដេចតេជោបញ្ជាក់ថា គ្មានគម្រោងបិទរាជធានីភ្នំពេញ និងការហាមឃាត់ការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយនោះទេ
ថ្មីៗនេះមានការបំផុសពាក្យចចាមអារាម និងចាយចាយតគ្នាក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា រដ្ឋាភិបាលមានគម្រោងបិទរាជធានីភ្នំពេញ និងខេត្តមួយចំនួន និងការបំផុសឲ្យពលរដ្ឋទិញស្បៀងទុកនោះជាដើម។ នៅព្រឹកថ្ងៃទី១២វិច្ឆិកាឆ្នាំ២០២០នេះ ទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន បានច្រានចោលចំពោះពាក្យចចាមអារាមទាំងនោះ។
ទំព័រហ្វេសប៊ុកររបស់សម្ដេចតេជោ បានាសរសេរថា បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ថ្មីៗនេះមានមនុស្សអាក្រក់មួយចំនួនបានបំផុសពាក្យចចាមអារាមថារាជរដ្ឋាភិបាលនឹងបិទរាជធានីភ្នំពេញ និងហាមឃាត់ការធ្វើដំណើរពីខេត្តមួយទៅកាន់ខេត្តមួយ។
ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ថានឹងមិនមានការបិទប្រទេស ឬ
រាជធានីខេត្ត ឬតំបន់ណាមួយនោះទេ។ ការឃោសនាអកុសលរបស់ពួកអាក្រក់
ទាំងនេះ សំដៅធ្វើឲ្យ ប្រទេសមានចលាចលទំនិញឡើងថ្លៃ ប្រជាជនរស់នៅមិនបាន
ស្ងប់ចិត្តដើម្បីពួកគេគេងចំណេញខាងនយោបាយតែប៉ុណ្ណោះ។ បញ្ហាសំខាន់ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ-១៩នៅពេលនេះគឺប្រជាជនគ្រប់រូបការពារខ្លួនតាមការណែនាំរបស់ក្រសួង
សុខាភិបាល ពិសេសការពាក់ម៉ាស់ ការលាងដៃ ការមិនជួបជុំប្រមូលផ្តុំ ការរក្សា
គម្លាតសុវត្ថិភាព។ល។
សម្រាប់ការពាក់ម៉ាស់ដែលកាលពីម្សិលមិញនេះខ្ញុំបានបញ្ជាឲ្យយបញ្ចេញម៉ាស់ក្រណាត់ចំនួន២លានម៉ាស់ជូនទៅសាលារាជធានីភ្នំពេញដើម្បីចែកជូនប្រជាជនក្រីក្រ។ នគរបាលចរាចរណ៍ក៏នឹងជូនម៉ាស់សម្រាប់អ្នកជិះកង់ ជិះម៉ូតូដែលមិនបានពាក់ម៉ាស់។ សូមបងប្អូនពាក់ម៉ាស់ទាំងអស់គ្នាដើម្បីយើងឈានទៅបញ្ចប់ព្រិត្តិការណ៍៣វិច្ឆកាឲ្យបានឆាប់ដើម្បីនាំប្រទេសមកកាន់ភាពប្រក្រតីដូចមុនថ្ងៃ៣ វិច្ឆិកា ២០២០ វិញ។
សម្រាប់បងប្អូនដែលបាននឹងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះត្រូវបន្តធ្វើឲ្យបាន
ហ្មត់ចត់នឹងសូមអាជ្ញាធរមូលដ្ឋានតាមដានត្រួតពិនិត្យនឹងជួយដោះស្រាយ
ជីវភាពសម្រាប់គ្រួសារក្រីក្រដែលពួកគាត់មិនអាចចេញប្រកបរបររកស៊ីបាន
ក្នុងពេលធ្វើចត្តាឡីស័ក។ ត្រូវផ្តល់ស្បៀងអាហារជូនពួកគាត់កុំឲ្យពួកគាត់ខ្វះ
ស្បៀងអាហារក្នុងពេលធ្វើចត្តាឡីស័ក។ សូមជូនពរបងប្អូនជនរួមជាតិជួបតែ
សេចក្តីសុខសេចក្តីចំរើន៕ ប្រភព៖ ទំព័រហ្វេសប៊ុកររបស់សម្ដេចតេជោ