លោកជំទាវ ម៉ែន សំអន តំណាងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចុះចែកស្រូវពូជជូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់

ខេត្តស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជួបសំណេះសំណាល និងនាំពូជស្រូវចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ១.០២០គ្រួសារ ដែលមានទីតាំងតាមបណ្ដោយមាត់ទន្លេវ៉ៃគោ ស្ថិតក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។

លោកជំទាវកិត្តិសង្គហបណ្ឌិត បាននំានូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្ដេចទាំងពីរតែងតែគិតគូរ អំពីសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេសដោយចុះដល់ទីតាំងរងគ្រោះ និងបានចាត់តំណាងចូលរួមជំនួសសម្តេច ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ៖សម្តេចតេជោ ពិតជាសោកស្តាយ ដែលមិនអាចមកចូលរួមផ្ទាល់ ប៉ុន្តែសម្តេចបានចាត់ឲ្យតំណាងចូលរួមទៅកាន់ខេត្តគោលដៅតាមផែនការកំណត់ ដោយតាមដានការអនុវត្តជាប់ជាប្រចាំ ការចែកស្បៀង និងស្រូវពូជជូនដល់ប្រជាពលរដ្ឋរងគ្រោះ ឲ្យបានទាន់ពេលវេលា នៅក្នុងដំណាក់កាលស្តាឡើងវិញនេះ គឺជាកិច្ចការអាទិភាពសំខាន់ចាំបាច់ ដោយមិនអាចពន្យារពេលបាន។
លោកជំទាវក៏បាន ថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ កងកម្លាំងទាំងបីប្រភេទ អាជ្ញាធរដែនដី សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង និងក្រុមការងារពាក់ព័ន្ធ ដែលបានចូលរួមរៀបចំកម្មវិធីនេះប្រព្រឹត្តទៅបានយ៉ាងល្អ ។

លោកជំទាវក៏បាន អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តការប្រុងប្រយ័ត្ន និងចូលរួមទាំងអស់គ្នាដើម្បីការពារខ្លួនព្រមទាំងក្រុមគ្រួសារ និងសហគមន៍ ពីជំងឺកូវីដ១៩ ព្រោះមកដល់ពេលនេះជំងឺនេះនៅបន្តរីករាលដាលយ៉ាងខ្លាំង និងពុំទាន់មានវ៉ាក់សាំងការពារនៅឡើយទេ ។ ត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ចូលរួមពង្រឹងនូវភូមិឃុំមានសុវត្ថិភាព និងជៀងផុតពីគ្រឿងញៀន។ ជាពិសេសសូមបន្តរួមគ្នាការពារសន្តិភាព ដែលនេះជាកិច្ចការសំខាន់ និងជាមូលដ្ឋានចាំបាច់សម្រាប់យើងរួមបន្តអភិវឌ្ឍន៍ប្រទេសយើងទៅមុខទៀត។

អំណោយរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចែកជូនប្រជាពលរដ្ឋ ១.០២០គ្រួសារ រួមមាន ក្នុង ១គ្រួសារ ទទួលបាន ស្រូវពូជ ១០០គីឡូក្រាម មី ១កេស នំប៉័ង ១ដើម និងថវិកា ៥ម៉ឺនរៀល ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner