ឯកឧត្តម ហ៊ុន ម៉ាណែត៖ កម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងរឹតបន្តឹងការអនុវត្តវិធានសុខាភិបាល ដើម្បីថែរក្សាសុខភាពឲ្យបានល្អ នៅក្នុងរដូវចុះត្រជាក់នេះ
ខេត្តស្ទឹងត្រែង៖ ប្រសាសន៍អំពាវនាវ របស់អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងក្នុងពិធីចែកអាវរងារ ជូនដល់កងកម្លាំងប្រដាប់អាវុធ ទិសយោធភូមិភាគទី១ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ ១២៨ ស្ថិតក្នុងខេត្តស្ទឹងត្រែង ភាគឥសាន្តកម្ពុជា កាលពីថ្ងៃទី១១វិច្ឆិកាឆ្នាំ២០២០ មកនេះ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាននាំយកអាវរងារច្រើនម៉ឺនអាវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មកចែកជូនដល់កងកម្លាំងប្រដាប់អាវុធទាំង៣ គឺកម្លាំងកងទ័ព ,កម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថជាតិ ប្រចាំទិសយោធភូមិភាគទី១ នៃទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ ១២៨ នៃខេត្តស្ទឹងត្រែង។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ ពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខ និងនឹករលឹកពីសំណាក់សម្តេចតេជោ និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរតែងយកចិត្តទុកដាក់គិតគូរគ្រប់ពេលវេលា អំពីសុខទុក្ខរបស់កងម្លាំងប្រដាប់អាវុធទាំងអស់ ដែលកំពុងឈរជើងបំពេញភារកិច្ច យ៉ាងអង់អាចក្លាហាន ក្នុងកិច្ចការពារបូរណភាពទឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ដែលស្ថិតនៅក្នុងភូមិសាស្ត្រ យោធភូមិភាគទី១ ខេត្តស្ទឹងត្រែងនេះ។
លោកឧត្តមសេនីយ៍ បានក្រើនរំលឹកដល់កងកម្លាំងទាំងអស់ ត្រូវបន្តរក្សាស្មារតីសេ្នហាជាតិ សាសនា ព្រះមហាក្សត្រ និងការពារសុខសន្តិភាពឲ្យបានស្ថិតស្ថេរយូរអង្វែង ហើយបន្តវេនពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីថែរក្សានូវសមិទ្ធផលនានា ដែលបុព្វបុរសជំនាន់មុនៗ បានបង្កើត និងបន្សល់ទុកឲ្យជំនាន់ក្រោយ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា សុខសន្តិភាព ប្រៀបបានទៅនឹងខ្យល់ដង្ហើមដែលមនុស្សទាមទារជាចាំបាច់ ក្នុងការរស់រានមានជីវិត ព្រោះថាសង្គ្រាម ការបាក់បែក នឹងចូលខ្លួនមកជំនួស បើអវត្តមានសន្តិភាព ដូច្នេះ សូមកងកម្លាំងប្រដាប់អាវុធ ដែលជាកម្លាំងជួរមុខ ត្រូវខិតខំបន្តការពារ និងថែរក្សា នូវសុខសន្តិភាព ដែលយើងមានសព្វថ្ងៃឲ្យបានគង់វង្ស។
លោកឧត្តមសេនីយ៍ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំរក្សា នូវប្រសិទ្ធភាព ក្នុងការទប់ស្កាត់ និងការកាត់បន្ថយអត្រាការរីករាលដាលជំងឺកូវីដ-១៩ នៅទូទាំងប្រទេស ប៉ុន្តែ កងកម្លាំងប្រដាប់អាវុធទាំងអស់ ក៏មិនត្រូវធ្វេសប្រហែសចំពោះជម្ងឺនេះទ្បើយ ព្រោះថា អត្រាកើនទ្បើង នៃការរីកដាល នៅតាមបណ្តាប្រទេសនានា នៅតែបន្តកើតឡើង ដោយសារតែភាពធូររលុង នៅក្នុងមួយរយៈពេលខ្លីនេះ។
លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេចតេជោ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ សូមបន្តប្រុងប្រយ័ត្ន និងរឹតបន្តឹងការអនុវត្តនូវវិធានសុខាភិបាល ដោយយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការការពារ និងថែរក្សាសុខភាពឲ្យបានល្អ ជាពិសេស នៅក្នុងរដូវត្រជាក់នេះ ហើយបើមានជំងឺផ្តាសាយកើតទ្បើង សូមរូតរះទៅមន្ទីរពេទ្យ ដើម្បីចៀសវាងពីការឆ្លងដល់បុគ្គល ចម្លងបន្តទៅអ្នកដទៃជុំវិញខ្លួន និងអង្គភាព ឬសហគមន៍ទាំងមូល។ លោកឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា ជំងឺនេះ គឺជាគ្រោះថ្នាក់ចំពោះមុខ ហើយថែមទាំងបានគំរាមកំហែងដល់ សន្តិសុខជាតិ អាយុជីវិត និងក្រុមគ្រួសារ ក៏ដូចជាជនរួមជាតិទាំងមូល ដូច្នេះ សូមកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវចូលរួមសហការ និងបន្តចាត់វិធានការតឹងរ៉ឹង ដើម្បីការពារកុំឲ្យរីករាលដាលកើតទ្បើង និងការធានាបាន នូវសុវត្ថិភាពខ្ពស់ នៅក្នុងប្រទេសកម្ពុជា។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែង កោតសរសើរចំពោះភាពអង់អាចក្លាហាន របស់កងកម្លាំងប្រដាប់អាវុធ នៅទិសយោធភូមិភាគទី១នេះ ចំពោះការបំពេញភារកិច្ចជាយោធិន ក្នុងកិច្ចការពារបូរណភាពទឹកដីដោយភាពសហការ អំណត់អត់ធន់ រួមជាមួយភាពម៉ឺងម៉ាត់ ក្នុងការដោះស្រាយ នូវរាល់បញ្ហាប្រឈមនានា ធានាបាននូវសន្តិសុខ និងស្ថិរភាព ជូនប្រជាពលរដ្ឋ តាមបណ្តោយខ្សែបន្ទាត់ព្រំដែន និងសូមកោតសរសើរ ចំពោះការការពារមិនឲ្យកើតមានការរីករាលដាល នូវជំងឺរាតត្បាតកូវីដ-១៩ នៅក្នុងអង្គភាព និងគ្រួសារកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៅក្នុងខេត្តស្ទឹងត្រែង នាពេលនេះ ៕ ដោយ៖ឡុង សំបូរ