ពលរដ្ឋក្រីក្រចំនួន៣០៤គ្រួសារ មកពីភូមិ​ចំនួន២ នៃស្រុក​ពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ទទួល​​​អំណោយ​របស់សម្តេចតេជោ និង​សម្តេចកិត្តិ​ព្រឹទ្ឋ​បណ្ឌិត ព្រមទាំង​សប្បុរ​សនានា

អត្ថបទដោយ៖
ជា សេឌី

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ និងលោកជំទាវ រួមនឹងថ្នាក់ដឹកនាំសំខាន់ៗ ព្រមទាំងឯកឧត្តម យឹម លាត តំណាងរាស្ត្រមណ្ឌលកំពង់ធំ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និង   សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកកបាទក្រហមកម្ពុជា ព្រមទំាងអំណោយរបស់​សមាគមពុទ្ឋបរិស័ទនៃព្រះវិហារ ឆុងតឺ មកចែកជូនគ្រួសារក្រីក្រ គ្រួសារអតីតយុទ្ឋជន ចាស់ជរា និងស្ត្រីមេម៉ាយ ចំនួន៣០៤ គ្រួសារ មកពីភូមិពន្លៃ និងភូមិទឹកយង់ នៃស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ។

លោក ហ្សាវ ហ្ស៊ីតឺ បានមានប្រសាសន៏ថា ដើម្បីសំរាលការលំបាករបស់បងប្អូនប្រជាជន​ខ្មែរក្នុងបរិបទនៃការរាតត្បាតនៃជម្ងឺកូវីដ១៩, សមាគមពុទ្ឋបរិស័ទនៃព្រះវិហារឆុងតឺ បានបរិច្ចាកថវិកាដោយក្តីស្រឡាញ់ ដើម្បីយកមកចែកជូនបងប្អូនប្រជាពលរដ្ឋដែល​កំពុងជួបប្រទះការខ្វះខាតនេះ ហើយសមាគម នឹងបន្តបរិច្ចាកថវិកា និងសម្ភារៈ ដើម្បីឧបត្ថម្ភដល់ប្រជាជនកម្ពុជាដែលជួបប្រទះការខ្វះខាតបន្តទៀត។

ឯកឧត្តម យឹម លាត បានលើកឡើងថា រាជរដ្ឋាភិបាល បានខិតខំយ៉ាងប្តូរផ្តាច់ដើម្បីអនុវត្តយុទ្ឋសាស្ត្រ និងកំណែទំរងស៊ីជម្រៅ ព្រមទាំងអភិវឌ្ឍន៏លើគ្រប់វិស័យ ក្នុងការ    ជម្រុញការអភិវឌ្ឍន៏សង្គម សេដ្ឋកិច្ច រក្សាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជូនប្រជាពលរដ្ឋ ក្នុងពេលប្រយុទ្ឋប្រឆាំងជម្ងឺកូវិដ១៩ ព្រមទាំងដោះស្រាយបញ្ហានានាបង្កឡើងដោយគ្រោះធម្មជាតិផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី  បាននាំនូវការសាកសួរសុខទុក្ខ និងក្តីអាណិតអាសូរ​ដ៏ជ្រាលជ្រៅពីសំណាក់សមេ្តចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ឋិបណ្ឌិត ដែលតែងតែគិត​គូរយ៉ាងខ្លាំងក្លាពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូបគ្រប់ពេលវេលា គ្រប់ទីកន្លែង។  ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីការដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ក្រោមដំបូលរដ្​ឋធម្មនញ្ញតែមួយ និងបានអភិវឌ្ឍន៏ប្រទេសជាតិឲ្យមានការរីកចំរើនលើគ្រប់វិស័យ ពិសេសវិស័យ​ហេដ្ឋារចនា     សម្ព័ន ស្ពាន ថ្នល់ ដែលកើតឡើងយ៉ាងព្រោងព្រាត ដូចយើងបានឃើញផ្ទាល់នឹងភ្នែកស្រាប់។ ឯកឧត្តម បន្តថា ទីណាមានការលំបាក ទីនោះតែងតែមានកាកបាតក្រហមកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ដែលតែងរួមសុខរួមទុក្ខជាមួយប្រជាជន និងនៅជាមួយប្រជាជនគ្រប់កាលៈទេសៈ។ ឯកឧត្តម បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះស្រឡាញ់គ្នា រួមសាមគ្គី និងសហការគ្នាឲ្យបានល្អ ដើម្បីការពារ និងអភិវឌ្ឍន៏ប្រទេសយើងឲ្យសំបូររុងរឿង។ តាមបទពិសោធន៏ជាប្រវត្តិសាស្ត្របង្ហាញថា ពេលណាខ្មែរចេះរួបរួមសាមគ្គីគ្នា នោះខ្មែរខ្លាំង, ហើយកាលណាបែកបាក់សាមគ្គី នោះខ្មែរនឹងចុះខ្សោយ។ ក្នុងឱកាសនោះដែរ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជម្ងឺកូវីដ១៩ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់​ខ្ជួនតាមការណែ​នាំរបស់ក្រសួងសុខាភិបាល។ ជាមួយនោះ, សូមបងប្អូនខិតខំបង្កបង្កើនផល ក្រោយទឹកជំនន់ស្រកទៅវិញ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ។ អំណោយដែលយកមកចែកជូននៅពេលនេះ ដោយក្នុង១​គ្រួសារទទួលបានអង្ករ ៥០គីឡូក្រាម, មី១កេស, ខោអាវ១សម្រាប់ និងថវិកា៥ម៉ឺនរៀល៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner