រាជរដ្ឋាភិបាលកម្ពុជាបានលើកវេទិកាទេសចរណ៍អាស៊ាន២០២១ (ASEAN Tourism Forum 2021)នៅកម្ពុជា ទៅដើមឆ្នាំ២០២២ វិញ
(ភ្នំពេញ)៖ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលើកព្រឹត្តិការណ៍ទេសចរណ៍ ២០២១ (ASEAN Tourism Forum 2021) ដែលគ្រោងនឹងរៀបចំ នាខែមករា ឆ្នាំ២០២១ ខាងមុខនៅកម្ពុជា ទៅរៀបចំនៅដើមឆ្នាំ២០២២ វិញ។ ការសម្រេចនេះធ្វើឡើងស្របតាមសំណើរបស់ក្រសួងទេសចរណ៍ ដោយមានការគាំទ្រពីប្រទេសឥណ្ឌូនេស៊ី ជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះបន្ទាប់ពីកម្ពុជាផងដែរ ជាពិសេសភាពមិនច្បាស់លាស់នៃការថមថយនៃជំងឺកូវីដ -១៩ ក្នុងពិភពលោក ដោយមានខ្លឹមសារដូចខាងក្រោម៖
១. អនុញ្ញាតលើកការរៀបចំវេទិកាទេសចរណ៍អាស៊ាន២០២១ ទៅរៀបចំនៅដើមឆ្នាំ២០២២ អាចអំឡុងខែមករា ឬខែបន្តបន្ទាប់ជំនួសវិញ។
២. ចំពោះការប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងថ្នាក់ស្ថាប័នទេសចរណ៍ជាតិអាស៊ាន (NTOs) អនុញ្ញាតឲ្យក្រសួងទេសចរណ៍រៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ តាមប្រព័ន្ធវីដេ អូខនហ្វើរិន ដើម្បីសម្រេចឯកសារមួយចំនួនក្នុងនាមជាម្ចាស់ផ្ទះ។
វេទិកាទេសចរណ៍ អាស៊ានឆ្នាំ២០២១ (ASEAN Tourism Forum, ATF 2021) ដែលគ្រោងនឹងរៀបចំនៅកម្ពុជានេះ រួមមាន កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៤ កិច្ចប្រជុំរដ្ឋ មន្ត្រី ទេសចរណ៍អាស៊ានបូកបីលើកទី២០ កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងឥណ្ឌាលើកទី២៤ កិច្ចប្រជុំដៃគូសន្ទនា រាត្រីផ្សព្វផ្សាយទេសចរណ៍នៃប្រទេសទទួលជាម្ចាស់ផ្ទះបន្ទាប់ ពិធីចែកជ័យលាភីនៃគុណភាពទេសចរណ៍អាស៊ាននានា ជំនួបទ្វេភាគី ព្រមទាំងការតាំងពិព័រណ៍ទេសចរណ៍អាស៊ាន (Travel Exchange, Travex) ដែលមានការចូលរួមពីក្រុមហ៊ុនជាអ្នកលក់ (Sellers) និងអ្នកទិញ (Buyers) មកពីតំបន់ក្នុងពិភពលោក និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើន ហើយការតាំងពិព័រណ៍នេះ ជាស្នូលនៃវេទិកាខាងលើនេះផងដែរ។
ដោយឡែកនាដើមឆ្នាំ២០២១ ជំនួសឲ្យការរៀបចំព្រឹត្តិការណ៍ទល់មុខគ្នាពេញលក្ខណៈ ក្រសួងទេសចរណ៍កម្ពុជាក្នុងនាមជាប្រធាន និងម្ចាស់ផ្ទះ នឹងរៀបចំតែកិច្ចប្រជុំកិច្ចថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសដៃគូអាស៊ាន កិច្ចប្រជុំថ្នាក់ស្ថាប័នទេសចរណ៍ជាតិអាស៊ាន (ASEAN NTOs) និងកិច្ចប្រជុំពាក់ព័ន្ធនានា ដើម្បីសម្រេចអនុម័តឯកសារសំខាន់ៗមួយចំនួន ជាពិសេសសំដៅដាក់ចុះវិធាននានាទប់ទល់នឹងការរីករាលដាលជំងឺកូវី-១៩ ដោះស្រាយផលប៉ះពាល់លើវិស័យទេសចរណ៍ និងដាក់ចុះនូវអនុសាសន៍ស្ដារវិស័យទេសចរណ៍អាស៊ានឡើងវិញបន្ទាប់ពីជំងឺកូវីដ-១៩។
បង្កើតឡើងតាំងពីឆ្នាំ១៩៨១ វេទិកាទេសចរណ៍អាស៊ាន (ATF) គឺជាព្រឹត្តិការណ៍ដ៏ធំ ដែលប្រទេសសមាជិកអាស៊ានប្ដូរវេនគ្នារៀបចំ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ និងធ្វើឲ្យតំបន់អាស៊ានក្លាយជាគោលដៅទេសចរណ៍តែមួយប្រកបដោយភាពទាក់ទាញ។ ព្រឹត្តិការណ៍ដ៏ធំនេះ នៅកម្ពុជា ឆ្នាំ២០២២ ត្រូវបានសង្ឃឹមថា ជាឱកាសដែលក្រុមហ៊ុនទេសចរណ៍ជុំវិញពិភពលោក ជាអ្នកទិញ និង អ្នកលក់អាចជួបគ្នាដើម្បីជំរុញការធ្វើដំណើរកំសាន្តឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ-១៩ ហើយកម្ពុជានឹងអាចផ្សព្វ ផ្សាយពីគោលដៅទេសចរណ៍របស់ខ្លួនទៅកាន់ទីផ្សារពិភពលោកបានយ៉ាងមានប្រសិទ្ធភាព។