ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានអនុញ្ញាតឱ្យឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាទីស្តីការក្រសួង
(ក្រសួងផែនការ)៖ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអនុញ្ញាតឱ្យឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទ្វេភាគី និងជាពិសេសស្វែងរកព័ត៌មាន ឬទិន្នន័យថ្មីៗ ដែលក្រសួងផែនការសម្រេចបាន ដើម្បីជាមូលដ្ឋានគ្រឺះសម្រាប់ក្រុមហ៊ុនជប៉ុន ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។
មានប្រសាសន៍ក្នុងជំនួប ឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុន បានថ្លែងនូវការអបអរសាទរ កោតសរសើរចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសកម្ម និងអាចទប់ស្កាត់បាននូវការរីករាលដាលនៃជំងឺកូវីដ១៩ ដែលពិភពលោក និងប្រទេសជប៉ុន បានកំពុងជួបប្រទះដូចគ្នា ហើយស្ថិតក្នុងកាលៈទេសៈនេះ ជប៉ុនបានប្រកាសផ្តល់ជំនួយសង្គ្រោះបន្ទាន់ រួមទាំងប្រកាសផ្តល់នូវហិរញ្ញប្បទានឥតសំណងដល់កម្ពុជាផងដែរ ក្នុងការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ ក៏ដូចជាធ្វើឱ្យប្រសើរឡើងវិញនូវការកសាងសេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុងពេល និងក្រោយ នៃការរីករាលដាលជំងឺកូវីដ១៩។ ក្នុងជំនួបនេះផងដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុន ក៏បានលើកឡើងពីសារៈសំខាន់នៃទិន្នន័យជាច្រើន ដែលបានមកពីការធ្វើជំរឿន រួមមាន៖ ជំរឿនប្រជាជនទូទៅនៅព្រះរាជាណាចក្រកម្ពុជា , ជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា, ជំរឿន និងអង្កេតផ្សេងៗទៀត ដែលវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្ត ដើម្បីសម្រេចបាននូវប្រភពទិន្នន័យមួយដែលមានគុណភាព និងមានសារៈសំខាន់ ជាជំនួយស្មារតីដល់ដៃគូអភិវឌ្ឍន៍នានា ក៏ដូចជាក្រុមហ៊ុនវិនិយោគរបស់ជប៉ុន ស្វែងរកឱកាសវិនិយោគថ្មីៗទៀត មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនាមឯកឧត្តមជាឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា រីករាយក្នុងការជួយជ្រោមជ្រែង សហការឱ្យមានការវិនិយោគថ្មីៗទៀត ដល់កម្ពុជា។
មានប្រសាសន៍សំណេះសំណាល ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី បានថ្លែងនូវអំណរអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែផ្តល់ជំនួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទាំងស្មារតី និងសម្ភារៈ ដែលជាផ្នែកមួយមិនអាចកាត់ផ្តាច់បាន ចំពោះសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនរបស់កម្ពុជាដូចសព្វថ្ងៃ ជាពិសេសក្នុងអំឡុងពេលសម័យអ៊ុនតាក់ ជប៉ុន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានថ្លែងនូវអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈអង្គការចៃកា(JICA) ក្នុងកិច្ចសហប្រតិបត្តិការទ្វេរភាគីជាមួយក្រសួងផែនការ ចាប់តាំងពីឆ្នាំ២០០៥ មកដល់ដំណាច់ឆ្នាំ២០០៥ ភាគីជប៉ុនបានចូលរួមចំណែកយ៉ាងសំខាន់ជួយដល់ក្រសួងផែនការ រួមមានទាំងការបណ្តុះបណ្តាលមន្ត្រីជំនាញ ប្រមាណជាង៦០០នាក់,ផ្តល់នូវអគារកម្ពស់៥ជាន់ សម្រាប់ដំណើការធ្វើជំរឿនប្រជាជនទូទៅនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៨ , រួមសហការគ្នាជាមួយអង្គការUNFPA ក្នុងការធ្វើជំរឿនប្រជាជនទូទៅនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៨, ការធ្វើបញ្ជីសហគ្រាសទូទាំងប្រទេសឆ្នាំ២០០៩ , ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ២០១១ ដែលជាការងារជាតិដំបូងមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រកម្ពុជា រួមទាំងការអង្កេតចន្លោះជំរឿនប្រជាជនឆ្នាំ២០១៣ , អង្កេតចន្លោះជំរឿនសេដ្ឋកិច្ចឆ្នាំ២០១៤ និងជំនួយបច្ចេកទេស សម្ភារៈ ដល់មន្ទីរផែនការ នៅថ្នាក់ក្រោមជាតិ ទាំង២៥រាជធានីខេត្តផងដែរ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបន្ថែមថា នៅរយៈពេលដ៏ខ្លីខាងមុខ ក្រសួងផែនការ នឹងរៀបចំប្រកាសលទ្ធផលជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ ជាផ្លូវការ ហើយទិន្នន័យជំរឿននេះ គឺជាប្រភពទិន្នន័យដ៏សំខាន់ សម្រាប់ភាគីពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងជាពិសេសក្រុមហ៊ុនវិនិយោគជប៉ុន ដើម្បីស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា។ដោយ
អ៉ិត រ៉ាវុធ