មនុស្ស៥៦នាក់បន្ថែមទៀតត្រូវបានធ្វើតេស្ដ ក្រោយការសង្ស័យថាបានប៉ះពាល់ក្នុងព្រឹត្តិការណ៍ថ្ងៃទី៣វិច្ជិកា ដោយទទួលលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩ទាំងអស់
ក្រសួងសុខាភិបាល៖ យោងតាមក្រសួងសុខាភិបាលនៅថ្ងៃ១៣ វិច្ឆិកានេះ បានឲ្យដឹងថា នៅថ្ងៃទី១២វិច្ឆិកាឆ្នាំ២០២០ ការធ្វើតេស្ដអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ថ្ងៃទី៣ វិច្ឆិកា មានចំនួនសរុប៥៦នាក់ ដោយទទួលបានលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩ទាំងអស់។
ក្រសួងសុខាភិបាលបានបន្តថា គិតចាប់ពីថ្ងៃសទី៤ ដល់ថ្ងៃទី១២វិច្ឆិកាឆ្នាំ២០២០ ការធ្វើតេស្ដអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ថ្ងៃទី៣វិច្ឆិកា មានចំនួនសរុប២ពាន់៥៥៣វត្ថុសំណាក ដោយរួមទាំងអ្នកធ្វើតេស្តលើកទី១មានចំនួន១ពាន់៧៣៤នាក់ និងលើកទី២ ចំនួន៨១៩នាក់ ដែលទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា អ្នកវិជ្ជមានវីរុសកូវីដ-១៩ មានមនុស្សចំនួន៤នាក់ប៉ុណ្ណោះ គឺឯកឧត្តមសួស យ៉ារ៉ា ជាតំណាងរាស្ត្រ, លោក ស ចិត្រា នៅក្រសួងកសិកម្ម, ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា និងវៀតណាម និងម្នាក់ទៀតជាអង្គរក្សការពារផ្ទាល់ក្នុងព្រឹត្តិការថ្ងៃទី៣វិច្ឆិកានោះ ដែលរកឃើញវិជ្ជមានវីរុសកូវីដ-១៩។ អ្នកទាំង៤នាក់ ត្រូវដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រសួងសុខាភិបាលបានក្រៀនរំលឹកឲ្យអ្នកដែលពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ថ្ងៃ៣វិច្ឆិកាទាំងអស់ដែលមានលទ្ធផលតេស្ដលើកទី១ និងលើកទី២អវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបន្តធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនៅតាមគេហដ្ឋានឲ្យបានត្រឹមត្រូវ និងនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ តាមការណែនាំរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងរបស់ក្រសួងសុខាភិបាលឲ្យបបានហ្មត់ចត់ជាទីបំផុត ហើយកុំដើរចេញក្រៅផ្ទះ ឬពីសណ្ឋាគារ ក្នុងអំឡុងពបេលធ្វើចត្តាឡីស័កនោះឲ្យសោះ ដើម្បីទប់ស្កាត់ការចម្លងវីរុសដ៏កាចសាហាវនោះពីម្នាក់ទៅម្នាក់ និងចូលក្នុងសហគមន៍។
កម្ពុជាគិតមកដល់ព្រឹកថ្ងៃទី១៣ វិច្ឆិកាឆ្នាំ២០២០នេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប៣០១នាក់ ក្នុងនោះបានជាសះស្បើយចំនួន២៨៩នាក់ និងនៅសល់១២នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕ដោយ កឹម ទៀង koem Tieng