ថ្នាក់ដឹកនាំនៃប្រទេសអាស៊ានសំដែងការស្វាគមន៍ និងគាំទ្រចំពោះការប្រកាសរបស់ ចិន ដែលបានចាត់ទុកវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ជាទំនិញសាធារណៈ

ការស្វាគមន៍នោះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៣ នារសៀលថ្ងៃ១២វិច្ឆិកាឆ្នាំ២០២០ តាមប្រពន្ធ័វីដេអូ។ កិច្ចប្រជុំនោះ ដឹកនាំដោយលោក ង្វៀន សួន ហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ ចំណែកកម្ពុជាដឹកនាំដោយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងនាមសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី។

កិច្ចប្រជុំបានធ្វើឡើង ក្រោមប្រធានបទ “ការត្រួតពិនិត្យឡើងវិញនៃកិច្ចសហប្រតិបត្តិការ និង ទិសដៅអនាគតអាស៊ាន-ចិន” ។ កិច្ចប្រជុំកំពូល“អាស៊ាន-ចិន លើកទី ២៣” នោះ បានផ្តោតកិច្ចពិភាក្សាជាចម្បងលើបញ្ហាប្រឈម ដែលរួមមាន បញ្ហាសុខភាពសាធារណៈ និងស្ថានភាពសង្គម-សេដ្ឋកិច្ច ដែលបណ្តាលមកពីវិបត្តិនៃជំងឺកូវីដ-១៩ នៅក្នុងតំបន់ទាំងពីរ ជាដើម ។

កិច្ចប្រជុំបានសង្កត់ធ្ងន់ អំពីភាពចាំបាច់នៃការបង្កើនកិច្ចសហការរវាងអាស៊ាន និងចិន ក្នុងការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាត និងក្នុងការស្តារស្ថេរភាព និងងើបឡើងវិញនូវស្ថានភាពសង្គម-សេដ្ឋកិច្ច បន្ទាប់ពីវិបត្តិនោះត្រូវបានបញ្ចប់ តាមរយៈយន្តការដែលមានស្រាប់ រួមមាន “ផែនការអនុវត្តពីឆ្នាំ២០១៦ដល់ឆ្នាំ២០២០” និង “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA)” ក៏ដូចជា ស្វែងរកនូវយន្តការសហប្រតិបត្តិការថ្មីៗបន្ថែមទៀត។

ថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន ស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ប្រទេសចិន ក្នុងការពង្រឹង និងលើកកម្ពស់ចំណងមិត្តភាពអាស៊ាន-ចិន ព្រមទាំងក្នុងការជំរុញគំនិតផ្តួចផ្តើម “ភាពជាដៃគូអាស៊ាន-ចិន ស្តីពីសេដ្ឋកិច្ចពណ៌ខៀវ” និង “ចក្ខុវិស័យភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិន ឆ្នាំ ២០៣០” ។ ថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន-ចិន បានប្តេជ្ញាបន្តគាំទ្រគោលការណ៍ពហុភាគីនិយម និងបានស្នើឱ្យមានការបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ទៅលើការកសាងជំនឿទុកចិត្ត និងរក្សាភាពធន់នៃសង្គម-សេដ្ឋកិច្ចនាពេលអនាគត, ការបើកចំហររំហូរពាណិជ្ជកម្មសេរី, ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់, និងការអនុវត្តសេដ្ឋកិច្ចឌីជីថល ។

ថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន បានសំដែងការស្វាគមន៍និងគាំទ្រ ចំពោះការប្រកាសរបស់ប្រទេសចិន ដែលបានចាត់ទុកវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ជា “ទំនិញសាធារណៈ” និងការបន្តផ្គត់ផ្គង់ថ្នាំ និងបរិក្ខារពេទ្យក្នុងតំបន់អាស៊ាន សម្រាប់ការសង្គ្រោះបន្ទាន់ លើកកម្ពស់សុខភាពសាធារណៈ ព្រមទាំងជំនួយដទៃទៀតសម្រាប់ការស្តារ និងងើបឡើងវិញ នៃសង្គម-សេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ាន ក្រោយកូវីដ-១៩ ។

ជាមួយគ្នានោះ, ថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន ក៏បានសំដែងការពេញចិត្ត និងគាំទ្រចំពោះការប្តេជ្ញាចិត្តរបស់លោក លី ខឺឈាង (Li Kequiang) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងការបង្កើនកិច្ចសហ-ប្រតិបត្តិការ, ការជួយដល់តំបន់អាស៊ាន និងការដោះស្រាយបញ្ហាផ្សេងៗទៀត តាមយន្តការសន្តិវិធី ដោយឈរលើស្មារតីសាមគ្គីភាព និងវិបុលភាពដល់ប្រជាជនទាំងអស់នៃតំបន់ទាំងពីរ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner