ក្រសួងអប់រំ៖ការប្រឡងជ្រើសរើសនិស្សិតអាហាររូបករណ៍ទៅសិក្សានៅថៃត្រូវបានពន្យាពេល
ដោយ៖ម៉ាដេប៉ូ
រាជធានីភ្នំពេញ៖ក្រសួងអប់រំយុវជន និង កីឡាបានឱ្យដឹងថា ការពន្យារពេលនៃការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅព្រះរាជាណាចក្រថៃ ជំហានទី២ សម្រាប់ឆ្នាំសិក្សា២០២១-២០២២ ត្រូវបានពន្យារពេលបណ្តោះអាសន្នសិន។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំយុវជននិងកីឡាកាលពីថ្ងៃទី ១២ខែវិច្ឆិកាឆ្នាំ២០២០បានបញ្ជាក់ដល់បេក្ខជនដែលបានប្រឡងជាប់ជំហានទី១ គម្រោងអាហារូបករណ៍ព្រះរាជឧបត្ថម្ភដល់កម្ពុជាលើវិស័យអប់រំ ទៅសិក្សានៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២១-២០២២ នាសម័យប្រឡងថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២០នៅមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្តិឱ្យជ្រាបថា៖ការប្រឡងជំហានទី២ដែលគ្រោងរៀបចំឡើងនៅថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០២០នៅមណ្ឌលប្រឡងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានិងការសម្ភាសន៍នៅថ្ងៃទី០១ខែធ្នូ ឆ្នាំ២០២០ត្រូវបានផ្អាករហូតដល់មានសេចក្តីជូនដំណឹងជាថ្មី៕