សហព័ន្ធកីឡាវាយកូនគោលកម្ពុជាសម្រេចរៀបចំការប្រកួតកីឡាវាយកូនគោលពានរង្វាន់សម្តេចតេជោហ៊ុនសែន លើកទី៥ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ខាងមុខ
សហព័ន្ធកីឡាវាយកូនគោលកម្ពុជាបានប្រកាសថា នឹងរៀបចំការប្រកួតកីឡាវាយកូនគោលពានរង្វាន់សម្តេចតយេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃ ទី២៧ ខែ ធ្នូ ឆ្នាំ ២០២០ ខាងមុខនេះ ដែលការប្រកួតរៀបចំនៅទីលានកីឡាវាយកូនគោលវឌ្ឍនៈហ្គោលរីស៊ត សង្កាត់ ព្រែកថ្មី ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។
ឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានបញ្ជាក់ប្រាប់ថា ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ដ៍ខ្ពង់ខ្ពស់ ពីសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សហព័ន្ធកីឡាវាយកូនគោលកម្ពុជាបានសម្រេចយកថ្ងៃ ទី២៧ ខែ ធ្នូ ឆ្នាំ ២០២០ ជាថ្ងៃប្រកួតពានរង្វាន់សម្តេចលើកទី៥ ហើយ ការប្រកួតនេះ បានរៀបចំឡើង ដើម្បីចូលរួមអបអរសាទរពិធីរំលឹកខួបវិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ និងខួបលើកទី២២ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និង ការអនុវត្តប្រកបដោយជោគជ័យ នយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ២៩ ធ្នូ ឆ្នាំ ២០២០។
ឯកឧត្តម អគ្គលេខាធិការ បញ្ជាក់ឲ្យដឹងទៀតថា ការប្រកួតនេះយើងអនុញ្ញាតឲ្យកីឡាករការិនីជាតិ និងអន្តរជាតិចូលរួមក្នុងនោះមាន មន្រ្តីរដ្ឋាភិបាល មន្រ្តីស្ថានទូតប្រចាំប្រទេសនានានៅកម្ពុជា ហើយក៍មានការចូលរួមពីកីឡាករការិនីជម្រើសជាតិ និងថ្នាល់ជម្រើសជាតិផងដែរ។
ចំពោះប្រភេទនៃវិញ្ញាសាប្រកួតមានដូចជា៖ ការប្រកួតលក្ខណៈជាក្រុម សម្រាប់កីឡាករវ័យចំណាស់ ថ្នាក់ដឹកនាំ និងមន្រ្តីស្ថានទូត ក្នុង១ក្រុមមានកីឡាករចំនួន៣នាក់ ដែលយកបាល់ល្អជាងគេ។ សម្រាប់ការប្រកួតជាក្រុម កីឡាករត្រូវវាយចេញនៅ ធី ស សម្រាប់ប្រកួតវិញ្ញាសាឯកក្តជន កីឡាករទូទៅវាយចេញនៅ ធី មាស កីឡាករវ័យចំណាស់វាយចេញនៅ ធី ស កីឡាការិនីវាយនៅ ធី ក្រហម កីឡាករវ័យជំទង់វាយចេញនៅ ធី ទឹកក្រូច៕