ក្រុមហ៊ុន American Airlines ចាប់ផ្តើមដំណើរការជើងហោះហើរដឹកអ្នកដំណើរទៅកាន់ចិនឡើងវិញ ក្រោយផ្អាកអស់ជាច្រើនខែដោយសារវិបត្តិ Covid-19
អាមេរិក៖ សារព័ត៌មានរ៉យទ័របានចុះផ្សាយថ្មីៗនេះថា ក្រុមហ៊ុនអាកាសចរណ៍ American Airlines ចាប់ផ្តើមដំណើរការជើងហោះហើរដឹកអ្នកដំណើរទៅកាន់ប្រទេសចិនឡើងវិញ ដែលនាំឱ្យចំនួនជើងហោះហើរប្រចាំសប្តាហ៍របស់អាមេរិកទៅចិនកើនឡើងដល់១០ ។
បើតាមក្រុមហ៊ុនអាកាសចរណ៍របស់សហរដ្ឋអាមេរិកមួយនេះ ជើងហោះហើរលើកដំបូងរបស់ខ្លួនទៅកាន់ចិន បើគិតចាប់តាំងតែពីខែកុម្ភៈមក បានចាកចេញពីអាកាសចរណ៍អន្តរជាតិ DFW ក្នុងរដ្ឋតិចសាស់ ក្នុងថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ឆ្ពោះទៅកាន់អាកាសយានដ្ឋាន Pudong ក្នុងទីក្រុងសៀងហៃ ដោយកាត់តាមទីក្រុងសេអ៊ូលរបស់កូរ៉េខាងត្បូង ។
សូមរំលឹកផងដែរថា កាលពីខែមិថុនា ឆ្នាំ២០២០ សហរដ្ឋអាមេរិក-ចិនបានព្រមព្រៀងគ្នាលើ ការចាប់ផ្តើមឱ្យមានជើងហោះហើរប្រចាំសប្តាហ៍រវាងប្រទេសទាំងពីរចំនួន៤ជើង សម្រាប់ភាគីម្ខាងៗ បន្ទាប់ពីការធ្វើដំណើរត្រូវបានផ្អាកអស់ជាច្រើនខែ ដោយសារតែការផ្ទុះរីករាលដាលនៃជំងឺ COVID-19 ៕