ក្រុមជម្រើសជាតិU19កម្ពុជារំសាយការហ្វឹកហាត់បណ្តោះអាសន្នក្រោយ AFC U-19 Championship លើកទៅខែមីនា ឆ្នាំ២០២១ វិញដោយសាកូវីត១៩

អត្ថបទដោយ៖
សារ៉ាន ទីងី

បើតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានអោយដឹងថា ការប្រកួត AFC U-19 Championship ពូល A នៅប្រទេសអ៊ូបេគីស្ថាន (Uzbekistan) ដែលបានពន្យាពេលជា​បន្តបន្ទាប់​ដោយ​សារវិបត្តិជំងឺកូវី-១៩នោះនឹងត្រូវលើកទៅប្រកួត នាថ្ងៃទី៣ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១វិញ។

នៅក្នុងពូលA ដែលមាន៤ក្រុមនេះ គឺក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំ ម្ចាស់ផ្ទះ អ៊ូបេគីស្ថាន, ឥណ្ឌូ​ណេ​ស៊ី កម្ពុជា និងអ៊ីរ៉ង់។ មន្ត្រីសារពត៌មានសហព័ន្ធបាល់ទាត់កម្ពុជា លោក ចាន់ មិថុនា អះអាងថា បច្ចុប្បន្ន​ក្រុមជម្រើសជាតិ កម្ពុជាអាយុក្រោម១៩ឆ្នាំនេះ បានសម្រាកការហ្វឹកហាត់ប្រចាំសប្តាហ៍ ដើម្បី​ជម្រុះ​ស្វែងរកក្រុមយុវជនឆ្នើមៗនៃបញ្ជី២៣នាក់ចុងក្រោយ នាពេលខាងមុខ។ ក្រុមជម្រើសជាតិ​ទាំង​នេះ​ត្រូវបានរំសាយការហ្វឹកហាត់ប្រមូលផ្តុំ នៅពហុកីឡដ្ឋានជាតិ ដើម្បីចូលរួមទប់​ស្កាត់ការរីករាល​ដាល​នៃ​ជំងឺកូវីដ-១៩ ជាពិសេសរួមគ្នាបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា ប៉ុន្តែក្រុមការងារ និងគ្រូបង្គោល​ជា​ជន​ជាតិជប៉ុន លោក Koji Gyotoku នឹងបន្តតាមដាន ការហ្វឹកហាត់របស់ក្រុមយុវជនទាំងអស់ ដែល​អនុញ្ញាត​ឲ្យទៅបន្តការហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួន។

គេនៅចាំបានថា ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ គឺជាក្រុមចំណាត់ថ្នាក់លេខ២​ល្អលំ​ដាប់​ទី៥ ក្រោយប្រកួតនៅវគ្គជម្រុះឈ្នះ៣ប្រកួត និងចាញ់១ប្រកួត នៅក្នុងពូល G កន្លងទៅ។

ការប្រកួត AFC U-19 Championship ដែលប្រទេសអ៊ូបេគីស្ថានទទួលធ្វើម្ចាស់នេះ តាមពិតគ្រោង​នឹង​ប្រកួត នាខែតុលា ឆ្នាំ២០២០ ប៉ុន្តែពេលនេះបន្តពន្យាពេលរហូតដល់ខែមីនា ឆ្នាំ២០២១វិញ ដោយ​សារតែជំងឺកូវីដ-១៩ នៅតែបង្កវិតបត្តិនេះនៅទូទាំងពិភពលោក។

យោងតាមគេហទំព័រផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានឲ្យដឹងថា AFC U-19 Championship នៅប្រទេសអ៊ូបេគីស្ថាននេះ គឺចាប់ផ្តើមពីវគ្គជម្រុះក្នុងពូល (Group Stage) ដែល​មាន​១៦​ក្រុម ចែកចេញជា៤ពូលគឺពូលA, B, C និងពូលD។ នៅក្នុងការប្រកួតជម្រុះក្នុងពូល ក្រុមទាំង​៤​នឹ​ងត្រូវប្រកួតវិលជុំក្នុងពូល ហើយពីរក្រុមខ្លាំងៗលើកំពូលតារាង (៨ក្រុម) នឹងត្រូវឡើង​ទៅប្រកួត​ខ្វែង​ពូល ដោយលេខ១ពូលAប៉ះជាមួយលេខ២ ពូលB, លេខ២ពូលA នឹងប៉ះជាមួយលេខ១ពូលB ខណៈ​ពូលលេខ១ពូលCប៉ះលេខ២ពូលD ហើយលេខ២ពូលCប៉ះជាមួយនឹងលេខ១ពូលD ហើយក្រុម​ដែល​ឈ្នះៗឡើងទៅប្រកួតបន្តនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រហូតដល់វគ្គផ្តាច់ព្រ័ត្ររកឃើញម្ចាស់ជើងឯក៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner