ព្រៃកោងកាងទឹកសាប ជាតំបន់អេកូទេសចរណ៍ដ៏ល្អបំផុត
ព្រៃសហគមន៍ទឹកជប់ខ្នារពោធិ៍ ហៅម្យ៉ាងទៀតគឺព្រៃកោងកាងទឹកសាប ឬកោងកាងភ្នំ ជាតំបន់រមណីយដ្ឋានធម្មជាតិដ៏ទាក់ទាញថ្មីមួយទៀត
ដែលមានទីតាំងស្ថិតនៅក្នុងឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានចម្ងាយពីទីរួមខេត្តសៀមរាប ភាគឦសាន ប្រមាណ៣០ គីឡូម៉ែត្រ ។
ព្រៃសហគមន៍នេះបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៨ ដែលមានទំហំផ្ទៃដី ១,០២២ ហិតា និងមានព្រៃកោងកាងទឹកសាបចំនួន៩០ហិតា ព្រៃសហគមន៍ នេះ គឺជាអេកូទេសចរណ៍ដ៏ទាក់ទាញយ៉ាងខ្លាំង ដោយតំបន់នេះសំបូរទៅដោយធនធានធម្មជាតិដ៏ល្អ ជាពិសេសគឺព្រៃកោងកាងទឹកសាប ដែលដុះឈរខ្ពស់ត្រង់ទៅលើ ដើមស្រលនល្អ ដែលមានកម្ពស់ប្រហែលពី៤ម៉ែត្រ ទៅ ៧ម៉ែត្រ ស្លឹកពណ៍បៃតង បែកមែកត្រឈឹងត្រឈៃបាំងព្រះសូរិយា មិនអោយក្ដៅ ផងដែរ ហើយនៅក្នុងព្រៃនេះសហគមន៍ គេបាននាំគ្នាធ្វើស្ពានដើរយ៉ាងស្អាតនៅក្នុងព្រៃ ដើម្បីទស្សនាបានយ៉ាងងាយស្រួល ហើយស្ពាននេះមានប្រវែងប្រហែល ១គីឡូម៉ែត្រ ដែលយើងប្រើរយៈពេលជាង៣០នាទី ឬយូរជាងនេះសម្រាប់ដើរមើល និងផ្តិតរូបថតយ៉ាងស្រស់ស្អាតដ៏អស្ចារ្យ ពីសម្រស់ព្រៃប្រឹក្សាទាំងនេះ ម្យ៉ាងទៀតក្រៅពីព្រៃកោងកាងទឹកសាបនេះ នៅពេលខាងមុខសហគមន៍ក៏មានគម្រោងរៀបចំកែច្នៃបន្ថែមទៀត ដូចជាការដាំផ្កាព្រៃតាមសងខាងផ្លូវ សួនអនុស្សវរីយ៍ និងរៀបចំកែលម្អអូរសម្រាប់ងូតទឹកលេងកម្សាន្ត ។
ព្រៃសហគមន៍ទឹកជប់ខ្នារពោធិ៍ គឺជាតំបន់អេកូទេសចរណ៍ដ៏ល្អស្អាតបំផុតដែលលោកអ្នកគួរតែទៅទស្សនា ដើម្បីបំបាត់នូវការនឿយហត់ បំបាត់នូវទុកកង្វល់ មានអារម្មណ៍ស្រស់ថ្លា៕
ប្រភពមកពី មរតកកម្ពុជា