លោកស្រី ទ្រី សុផានិត ដួលសន្លប់ពេលដែលនគរបាលបញ្ជូនខ្លួន ទៅដល់តុលាការ
ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានបញ្ជូនលោកស្រី ទ្រី សុផានិត អាយុ៣៩ឆ្នាំ ដល់សាលាដំបូងរាជធានីភ្នំពេញ ហើយអ្វីជាការកត់សម្គាល់ នោះ គ្រាន់តែឈានជើងដល់តុលាការ ភ្លាមបែរជាលោកស្រី ទ្រី សុផានិត ដួលសន្លប់ តែម្តង ។
គួររំលឹកថា បងស្រីបង្កើតលោកស្រី ទ្រី ដាណា គឺ លោកស្រី ទ្រី សុផានិត ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ចាប់ខ្លួននៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ នៅចំណុចផ្លូវលេខ១៨២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយមានបណ្តឹងពីលោកស្រី ទ្រី ដាណា ។
សមត្ថកិច្ចចាប់ខ្លួន លោកស្រី ទ្រី សុផានិត នាពេលនេះ គឺធ្វើឡើងតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោក ហម ម៉េងសែ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ , ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់» ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០ ។
លោកស្រី ទ្រី សុផានិត ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យនាំខ្លួន ក្រោយរកឃើញថា ជនត្រូវចោទរូបនេះ មានចេតនាភូតកុហក ស្តែងចេញនូវអត្តចរិតរឹងរូស ប្រឆាំងការបង្គាប់អោយចូលខ្លួនរបស់តុលាការ គប្បីចាត់វិធានការនាំខ្លួនឈ្មោះ ទ្រី សុផានិត មកសាកសួរតាមនីតិវិធី ៕ ដោយ ៖ បញ្ញា
ព័ត៌មានពាក់ព័ន្ទ ៖ កម្លាំងសមត្ថកិច្ចចាប់ខ្លួន ទ្រី សុផានិត អ្នកលក់ផលិតផលតាមអនឡាញ តាមដីកាតុលាការ