ចម្លាក់ស្ពាន់
ចម្លាក់ គឺរូបឬក្បាច់ដែលគេឆ្លាក់ រចនាឡើងជារូបរាងអោយមើលទៅមានភាពទាក់ទាញ ភាពប្រណិត ល្អឥតខ្ចោះ ព្រោះគេប្រើពេលវេលា កំលាំងពលកម្មមនុស្ស ទម្រាំអាចផលិតបានវត្ថុសិល្បៈមួយៗ។ តួយ៉ាងដូចទៅនឹងចម្លាក់ នៅតាមប្រាង្គប្រាសាទបុរាណខ្មែរយើង ដែលដូនតាខ្មែរ បានបន្សល់ទុកស្នាដៃជាច្រើនរាប់មិនអស់ នៅលើតួប្រាសាទ ជញ្ជាំងប្រាសាទ ខ្លោងទ្វារនៃច្រកចេញចូលមានរចនាបទត្រឹមត្រូវ និងការកត់ត្រាចងជាក្បួនខ្នាតច្បាស់លាស់ សម្រាប់កូនចៅតជំនាន់ក្រោយៗ។
បច្ចុប្បន្ន រោងសិប្បកម្មចម្លាក់ស្ពាន់ មិនសូវមានច្រើនប៉ុន្មានទេ ព្រោះត្រូវមានភាពប៉ិនប្រសប់នៃការច្នៃប្រឌិតខ្ពស់ អាចធ្វើបានគ្រប់រូបភាព ប្រើពលកម្មយូរថ្ងៃ ឬអាចរាប់ខែ តែកំរៃទាប មិនគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការលើទីផ្សារ។ យ៉ាងណា មានរោងសិប្បកម្មមួយកន្លែងឋិតនៅភូមិសាលាកាត់សក់ ឃុំវិហារលួង ស្រុកពញាព្ញ ខេត្តកណ្តាល កំពុងបន្ដដំណើរការផលិតសិប្បកម្មចម្លាក់ស្ពាន់ដោយដៃ ដើម្បីរក្សាអត្តសញ្ញាណវប្បធម៌ខ្មែរតទៅមុខ។
អ៊ុំប្រុស យុទ្ធា បានអោយដឹងថា ការធ្វើចម្លាក់ស្ពាន់នេះគឺមិនងាយស្រួលទេ ចំណាយវេលា អត់ធ្មត់ និងមានចិត្តស្រលាញ់ទើបធ្វើបាន។ អ៊ុំប្រុស យុទ្ធា បានបង្រៀនដល់កូន ចៅ ក្មួយៗដែលចង់ចេះនៅចម្លាក់ស្ពាន់ នេះថែមទៀតផង។
អ៊ុំប្រុស យុទ្ធា ក៏បានសំណូមពរដល់បងប្អូនដែលស្រលាញ់ចម្លាក់វប្បធម៌ខ្មែរ ស្នាដៃខ្មែរពិតៗ សូមចូលរួមអភិរក្សនៅអ្វីដែលជាអត្តសញ្ញាណខ្មែរ យកទៅបង្ហាញដល់កូនចៅជំនាន់ក្រោយៗអោយស្គាល់ ចង់ចេះធ្វើតៗគ្នានឹងបង្ហាញស្នាដៃទាំងអស់លើឆាកអន្តរជាតិ ស្គាល់សម្បត្តិវប្បធម៌ថាខ្មែរធ្វើបាន។
ចម្លាក់បុរាណខ្មែរមាន៣ប្រភេទគឺ ចំលាក់លឹប (រាក់) ៖ ជាក្បាច់ដែលគេឆ្លាក់នៅលើផ្ទាំងថ្ម លូកចូលទៅខាងក្នុងថ្ម មើលទៅមិនសូវឃើញខ្ពស់ ឬផុសចេញខ្លាំងពីផ្ទៃមុខថ្មទេ ។ ចម្លាក់លៀន (ជ្រៅ) ៖ ក្បាច់ដែលឆ្លាក់លៀនចេញខ្ពស់ផ្ទៃគឺដាប់សាច់អោយជ្រៅ មើលទៅរូបចម្លាក់ហាក់ដូចផុសចេញពីផ្ទៃ ។ ក្បាច់នេះគេតែងជួបប្រទះឃើញនៅលើផ្តែរ លើសសរពេជ្ញ លើជញ្ជាំង។និងចំលាក់លោត (ជារូបទំាំងមូល) គឺគេឆ្លាក់ចេញជារូបផ្សេងៗជាសត្វ ជាមនុស្ស។ លោកអ្នកអាចធ្វើការកម្មង់ចម្លាក់ស្ពាន់ផ្សេងៗតាមលេខទូរសព្ទ័ 017311119 ។ (អត្ថបទ៖ កញ្ញាខាន់ទិត្យ វីរីយ៉ា)