ក្រសួងកសិកម្មបដិសេធដែលថាមានក្រុមហ៊ុនចូលកាប់បំផ្លាញព្រៃឈើនៅស្រុករវៀងខេត្តព្រះវិហារ
ដោយ៖ម៉ាដេប៉ូ
រាជធានីភ្នំពេញ៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានធ្វើការបដិសេធ ទៅនឹងបណ្តាញសារព័ត៌មានក្នុងស្រុកមួយចំនួន ដែលបានផ្សព្វផ្សាយព័ត៌មានថា មានក្រុមហ៊ុនមួយកំពុងធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើ យ៉ាងសកម្ម ដឹកជញ្ជូនសុទ្ធតែរថយន្តបាកុង ហើយមានឃ្លាំងស្តុកឈើ និងរោងម៉ាស៊ីនរ៉ៃ នៅចំណុចភូមិបាក់កន និងភូមិស្រែ ស្ថិតក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ។
ពាក់ព័ន្ធនឹងព័ត៌មានខាងលើនេះ រដ្ឋបាលព្រៃឈើបានធ្វើការស្រាយបំភ្លឺដូចខាងក្រោម ៖ ១-យោងតាមលិខិតលេខ ៥៥៥៥កសក ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យ ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) បង់ថ្លៃសួយសារ និងបុព្វលាភជូនរដ្ឋ និងធ្វើការកាប់ ប្រមូលផល អនុផលព្រៃឈើ ក្នុងអនុតំបន់ II, III និងអនុតំបន់ IV នៃសម្បទានដីសេដ្ឋកិច្ចរបស់ ក្រុមហ៊ុន ភី អិន ធី ខូ អិលធីឌី ស្របតាមលទ្ធផលសារពើភ័ណ្ឌប៉ាន់ស្មានធនធានព្រៃឈើរបស់រដ្ឋបាលព្រៃឈើ ដោយត្រូវអនុវត្តតាមនីតិវិធីជាធរមាន ដែលការប្រមូលផល អនុផលព្រៃឈើនេះស្ថិតនៅក្នុងឃុរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ។ ២-ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) ទើបតែ ចុះធ្វើការប្រមូលផល អនុផលព្រៃឈើកាលពីថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២០ នេះប៉ុណ្ណោះ។
ក្រសួងកសិកម្មបានឱ្យដឹងដែរថា ក្នុងករណីដែលរដ្ឋបាលព្រៃឈើ រកឃើញថា ការប្រមូលផល អនុផលព្រៃឈើរបស់ ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) ខាងលើនេះ មិនត្រឹមត្រូវទៅតាមគោលការណ៍អនុញ្ញាត និងច្បាប់ស្តីពីព្រៃឈើនោះ រដ្ឋបាល វីនឹងចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន៕