អភិបាលខេត្តបាត់ដំបង អំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្ត សូមបន្តការចូលរួមនិងរួមគ្នាទប់ស្កាត់ការរាតត្បាត ពីជម្ងឺឆ្លង កូវីដ-19 ឲ្យបានម៉ឺងម៉ាត់ ជាពិសេសសិស្សានុសិស្ស
ម៉ាស់ ជិត១ម៉ឺនបន្ទះ រួមនិងទឹកអាល់កុលលាងដៃសម្លាប់មេរោគមួយចំនួន បាននាំយកទៅចែកជូនតាមសាលាបឋមសិក្សាចំនួន៨ក្នុងក្រុងបាត់ដំបង ក្នុងនោះរួមមាន៖សាលាបឋមសិក្សាវត្តកំផែង,
សាលាបឋមសិក្សា អូរតាគាំ១, សាលាអូរតាគាំ២, សាលាអូរចារ , សាលាពោធិ៍វង្ស, សាលាវត្តលៀប,សាលាមិត្តភាព និងសាលាបឋមសិក្សាថ្កូវ។ ដោយសាលានីមួយៗទទួលបាន ម៉ាស់ ចំនួន២០ប្រអប់ស្មើនឹង១.០០០សន្លឹក និងអាល់កុលលាងសម្លាប់មេរោគ ចំនួន ០១កេស ស្មើនឹង១២ដបធំ កាលពីពេលថ្មីៗនេះ ពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និង អមដំណើរពីលោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត រួមនិងមន្ត្រីមួយចំនួនក្នុងខេត្តផងដែរ។
ការអញ្ជើញចែកម៉ាស់ដល់សាលាបឋមសិក្សាទាំង៨ខាងលើនេះ គឺធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្តបាត់ដំបង បានចុះត្រួតពិនិត្យមើលអំពីដំណើរនៃការបើកសាលារៀនឡើងវិញនូវដំណាក់កាលទី៣ ក្នុងបរិបទនៃការកំរើកឡើងវិញនៃការចម្លងពីជំងឺកូវីដ-១៩ក្នុងព្រឹត្តុការណ៍ ថ្ងៃទី៣ ខែវិច្ឆិកា២០២០កន្លងទៅនេះ និង បានប្រគល់នូវសម្ភារ:ការពារ ជំងឺកូវីដ-១៩ ដល់សាលាបឋមសិក្សាចំនួន៨ក្នុងក្រុងបាត់ដំបងខាងលើផងដែរ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា៖ បច្ចុប្បន្នការរាតត្បាត និងការរីករាលដាលនៃការចម្លងពីជម្ងឺកូវីដ-19 នៅលើសកលលោក គឺនៅតែបន្តមានកំណើនកើនឡើងនិងបានបង្កនូវហានិភ័យដល់ប្រជាជនទូទាំងសកលលោក។និងស្របពេលដែល ប្រជាពលរដ្ឋយើងទាំងអស់គ្នា ជាពិសេស ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង បាននិងកំពុងបន្ត ក្នុងការអនុវត្តនិងចូលរួមយ៉ាងសកម្មក្នុងការការពារ បង្ការនិងការទប់ស្កាត់ពីការរីករាលដាលនៃជម្ងឺឆ្លងកូវីដ-19ដើម្បីឲ្យឆ្លើយតបទៅនឹងការអនុវត្តនូវវិធានការ និងគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និង រាជរដ្ឋាភិបាលនិងតាមការចុះអប់ណែនាំរបស់អាជ្ញាធរនិងក្រុមគ្រូពេទ្យ និងតាមរយៈនៃយន្តការចត្តាឡីស័ក ព្រមទាំងអនុវត្តនូវបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ។
ដូចនេះក្នុងនាមរដ្ឋបាលខេត្ត ក៏នៅតែបន្តខិតខំក្នុងការយកចិត្តទុកដាក់ និងចូលរួមទប់ស្កាត់ពីការរីករាលដាលនៃជម្ងឺឆ្លងកូវីដ-19នេះដល់ប្រជាពលរដ្ឋដែលរស់ នៅតាមមូលដ្ឋានបណ្តាសហគមន៍នា
នាក្នុងខេត្តបាត់ដំបង ជាពិសេសក្មួយៗជាសិស្សានុសិស្ស ដែលជាកុមារតូចៗ ហើយកំពុងតែសិក្សារៀនសូត្រនៅតាមបណ្តាសាលាបឋមសិក្សានានាត្រូវតែយកចិត្តទុកដាក់ពួកគេឲ្យបានដិតដល់ជាទីបំផុត ព្រោះពួកគេនៅតូចៗ ខ្វះការប្រុងប្រយ័ត្ន បើពុំមានការជំរុញពីមាតាបិតាអាណាព្យាបាល លោកគ្រូ អ្នកគ្រូនោះទេ ពួកគេនឹងប្រឈមនូវការឆ្លងជម្ងឺកូវីដ-19 នេះមុនគេ។
ជាមួយគ្នានោះដែរ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានធ្វើការផ្ដាំផ្ញើដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស មាតាបិតាសិស្ស និងប្រជាពលរដ្ឋទាំងអស់ សូមឲ្យបន្ត ការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ព្រោះជម្ងឺកូវីដ-19នេះនៅមិនទាន់រលត់សាបរលាបនៅឡើយទេ ហើយវានៅតែបន្តយាយីដល់យើងជាប់ជានិច្ច។ ពិសេស ចំពោះបងប្អូន និងអ្នកដែលខ្វះការប្រុងប្រយ័ត្នក្នុងការធ្វើអនាម័យជាប់ជាប្រចាំតាមរយៈការណែនាំនិងវិធានការរបស់ក្រសួងសុខាភិបាលកន្លងមក ក្នុងការពាក់ម៉ាស់ ការលាងសម្អាតដៃ និងសាប៊ូ បាញ់អាល់កុល ឬ ជែល។
ឯកឧត្តមអភិបាលខេត្តក៏បានធ្វើការក្រើនរំលឹក ដល់លោកគ្រូ អ្នកគ្រូ ឲ្យខិតខំយកចិត្តទុកដាក់ក្នុងអប់រំផ្សព្វផ្សាយដល់សិស្សជាប្រចាំបន្តទៀតនិងសូមកុំឱ្យគេភ្លេចខ្លួនហើយក៏ត្រូវរក្សានូវគម្លាត និងត្រូវបន្តអនុវត្តនូវវិធានការនិងគោលការណ៍ របស់ក្រសួងសុខាភិបាល និងបទបញ្ជារបស់រាជរដ្ឋាភិបាល កន្លងមក។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តបាត់ដំបង ក៏បានឆ្លៀតចុះពិនិត្យមើលពីការសាងសង់សាលាមតេយ្យអូរចារ ស្ថិតក្នុងសង្កាត់អូរចារ និងបានជួយចាឧបត្ថម្ភជួយចាក់ដីបំពេញក្នុងទីធ្លាបរិវេណសាលាមត្តេយ្យ ចំនួន១០ឡានបន្ថែមផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )